×

ម្ហូប៣ចាន ទទួលជោគជ័យនៅក្នុងវិញ្ញាសាអាថ៌កំបាំងជាលើកទី៤ នៃផ្ទះបាយ MasterChef Cambodia រដូវកាលទី៣

កម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី៩ បានបង្ហាញពីវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកទី៤ ដែលជាវិញ្ញាសាចម្អិនម្ហូបពីអនុស្សាវរីយ៍កាលពីកុមារភាពរបស់បេក្ខជននីមួយៗ។ បេក្ខជនទាំង ១៩ នាក់ ត្រូវចម្អិនម្ហូបក្នុងរយៈពេលត្រឹមតែ ៤៥ នាទីពីការច្នៃប្រឌិតលើមុខម្ហូបដ៏ពិសេសរបស់ពួកគេ។

ម្ហូបចំនួន៣ចាន បានធ្វើយ៉ាងល្អជាងគេ រួមមាន “ឆៃថាវចំហុយជាមួយបង្គាខ្ចប់កូនសម្លាញ់ប៉ាម៉ាក់” របស់ ស្រីភ័ក្រ្ត បានរំលេចអនុស្សាវរីយ៍នៃការធ្វើម្ហូបតែម្នាក់ឯង អំឡុងពេលឪពុកម្តាយនាងឈ្លោះប្រកែកគ្នា, “ល្បុកហុងផ្កាយ៥” របស់ សុធារិទ្ធ បានឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់គាត់ពីការមិនចូលចិត្តអាហារហឹរ ទៅជាអ្នកដែលចូលចិត្តហឹរ និង “កង្កែបក្នុងបឹង” របស់ សិលា បានរំឭកគាត់អំពីអាហារដែលមានកង្កែបបោកទទួលទានជុំគ្នានៅក្នុងគ្រួសារ។ ជាលទ្ធផលចុងក្រោយ សុធារិទ្ធបានក្លាយជាអ្នកឈ្នះក្នុងការប្រកួតប្រអប់អាថ៌កំបាំងលើកនេះ។

វិញ្ញាសានេះ បានគូសបញ្ជាក់ពីសារសំខាន់នៃអនុស្សាវរីយ៍នៅក្នុងម្ហូបមួយចាន ទោះវាសាមញ្ញប៉ុន្តែវាបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅដែលមិនអាចបំភ្លេចបានសម្រាប់ចុងភៅម្នាក់ៗ។

តើ MasterChef Cambodia រដូវកាលទី៣ នឹងមានអ្វីប្លែក សម្រាប់ទស្សនិកជននៅសប្ដាហ៍ក្រោយ? កុំភ្លេចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង