ហ្វីលីពីន៖ ក្រុមអ្នកជួយសង្រ្គោះ បាននាំគ្នាខ្នះខ្នែងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីអាចជួយសង្គ្រោះអ្នកស្រុកដែលកំពុងតែជាប់គាំងនៅក្នុងផ្ទះ បន្ទាប់ពីមានភ្លៀងយ៉ាងធ្លាក់ខ្លាំងជោគជាំ បង្កឡើងដោយខ្យល់មូសុងបក់មកពីទិសនិរតី និងព្យុះទីហ្វុងហ្គេមី (Gaemi) បានបណ្តាលឱ្យមានទឹកជំនន់ជន់លិចនៅតាមផ្នែកជាច្រើននៃរដ្ឋធានីរបស់ប្រទេសហ្វីលីពីន និងបណ្តាខេត្តស្ថិតនៅក្បែរនោះ ។
នៅឯទីក្រុងមាត់ទន្លេម៉ារីគីណា (Marikina) ស្ថិតនៅក្នុងទីក្រុងរណបរបស់រដ្ឋធានីម៉ានីល បុគ្គលិកសង្គ្រោះបន្ទាន់បាននាំគ្នាឆ្លងកាត់ទឹកដែលមានជម្រៅត្រឹមចង្កេះ ហើយបានប្រើពោងកៅស៊ូដើម្បីជួយសង្គ្រោះអ្នកស្រុកចេញពីលំនៅដ្ឋាន ។
គួររំឮកថា ព្យុះទីហ្វុងហ្គេមី បានបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងក្លា រហូតបណ្តាលឱ្យមានការរអិលបាក់ដី និងជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយព្យុះហ្គេមី បានបក់បោកឆ្ពោះទៅកាន់កោះតៃវ៉ាន់ជាបន្តទៀត ។
ទីភ្នាក់ងារកិច្ចការគ្រោះមហន្តរាយជាតិហ្វីលីពីន នៅថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ថា ឥទ្ធិពលរបស់ព្យុះទីហ្វុងហ្គេមី (Gaemi) បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់ និងជាង ៦០ម៉ឺននាក់ត្រូវអាជ្ញាធរជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect