
ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធភាពយន្ត រឿង “ប្រវត្តិស្នេហ៍នាងនាថ” នៅផ្សារទំនើប K Mall កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
បើតាមលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងលោកជំទាវម៉ៅ ចំណាន បញ្ជាក់ថា សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ានឹងខិតខំជួយជ្រោមជ្រែងវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើន និងឱ្យកាន់តែប្រសើរឡើង ទោះត្រូវពុះពារឧបសគ្គក៏ដោយ។
ពិធីសម្ពោធភាពយន្តខ្នាតធំរឿង“ប្រវត្តិស្នេហ៍នាងនាថ” បានធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានអធិបតីភាពពីអ្នកមុខអ្នកការជាច្រើនរូប ព្រមទាំងវត្តមានតារាភាពយន្តក្នុងស្រុក ផលិតករក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែអ្វីដែលបំផុសកម្មវិធីឱ្យកាន់តែមានភាពលេចធ្លោថែមទៀតនោះគឺការផ្តល់កិត្តិយសពីព្រះនាង ជេន ណា នរោត្តម ព្រមទាំងវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។
លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានថ្លែងថា តាងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវប្រធាន ព្រមទាំងក្រុមការងារនៃសមាគមសិល្បករខ្មែរនឹងខិតខំជ្រោមជ្រែងវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើន និងឱ្យកាន់តែប្រសើរឡើង ទោះត្រូវពុះពារឧបសគ្គក៏ដោយ។
ក្នុងឱកាសនោះ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើដល់រាជរដ្ឋាភិបាលជួយសម្របសម្រួលដល់ក្រុមផលិតកម្មនានាអាចចុះទៅថតនៅទីតាំងប្រវត្តិសាស្ត្រ ឬតំបន់ទេសចរណ៍សំខាន់ៗបាន ខណៈរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បានលើកទឹកចិត្តដល់ខាងផលិតកម្ម LD និងផលិតកម្មក្នុងស្រុកដទៃទៀតផលិតភាពយន្តទាក់ទង និងប្រវត្តិសាស្ត្រឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់សកលលោកឱ្យកាន់តែទូលំទូលាយ។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD លើកឡើងថា ក្រោយផលិតភាពយន្តរឿងប្រវត្តិស្នេហ៍នាងនាថ បានជោគជ័យក្រុមហ៊ុនលោកក៏នឹងមានគម្រោងផលិតភាពយន្តខ្នាតធំថ្មីជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីយកទៅបញ្ចាំងនៅក្រៅប្រទេស សំដៅផ្សព្វផ្សាយភាពយន្តខ្មែរ និងវប្បធម៌ជាតិកាន់តែធំទូលាយ។
លោក អឿន សុខន តំណាង Investor មានប្រសាសន៍ថា រឿងប្រវត្តិស្នេហ៍នាងនាថ ចាយទុនផលិតអស់១លានដុល្លារ។ លោកបន្ថែមថា រឿងប្រវត្តិស្នេហ៍នាងនាថ ជារឿងមួយដែលដាក់បញ្ចូលនូវវប្បធម៌របស់ជាតិមានដូចជា ការរំលេចនូវល្ខោនស្បែកតូច ក្បាច់គុនល្បុក្កតោ គុនដំបង និងតម្បាញខ្មែរ-ល-។
សូមជម្រាបថា ភាពយន្តខ្នាតធំរឿង “ប្រវត្តិស្នេហ៍នាងនាថ” បានសម្ពោធឡើងនៅផ្សារទំនើប K Mall កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានព្រះនាង ជេន ណា នរោត្តម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ផលិតករភាពយន្តមីយ៉ាន់ តារាមីយ៉ាន់ អ្នកសិល្បៈករទាំងពីរជំនាន់ និងដៃគូសហការផលិតភាពយន្តនេះជាច្រើនរូបផងដែរ។ បើតាមគម្រោងភាពយន្តខ្នាតធំរឿង ”ប្រវត្តិស្នេហ៍នាងនាថ” នឹងចាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុកពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះតទៅ៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ លោក អេង សុគុណ លោក ឆាំ បិន









