![]()
ភ្នំពេញ៖ Temple Run គឺជាហ្គេមមួយដែលមានភាពពេញនិយមខ្លាំងរហូតធ្វើឱ្យមានការទាញយកហ្គេមមួយនេះទុកជាការកម្សាន្តដល់ ១ពាន់លាននាក់ចាប់តាំងពីបង្កើតដំបូងកាលពីឆ្នាំ២០១១។ យ៉ាងណាមិញ ទិដ្ឋភាពដែលធ្លាប់តែឃើញនៅក្នុងហ្គេម Temple Run ពេលនេះបានលេចចេញនៅក្នុងជីវិតពិត និងកំពុងក្លាយជាទីចាប់អារម្មណ៍ជាខ្លាំងដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាំគ្នាពេញនិយមថតត្រាប់តាមហ្គេមដ៏ល្បីមួយនេះដោយពួកគេជ្រើសយកទីតាំងនៅប្រាសាទអង្គរវត្ត និង ប្រាសាទតាព្រហ្មដោយបានបង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតនាប្រាសាទអច្ឆរិយនៃកម្ពុជាយើង។

វីដេអូនៃការថតពិតៗដូចទៅនឹងហ្គេម Temple Run កំពុងផ្ទុះខ្លាំងនៅបណ្តាញសង្គមតិកតុកដែលអ្នកបង្កើតមាតិកាល្បីៗបានផុសនៅគណនីរបស់ពួកគេ រហូតសាយភាយទូទាំងពិភពលោកឱ្យចាប់អារម្មណ៍ ដោយនៅក្នុងគណនីខ្លះទទួលបានការចូលទស្សនារហូតដល់ ១លានដងឯណោះ។ ជាការពិតណាស់ ទិដ្ឋភាពដែលធ្លាប់តែឃើញ និងលេងនៅក្នុងហ្គេម ពេលនេះបានឃើញ និងបានលេងនៅក្នុងជីវិតជាក់ស្តែងបែបនេះជឿថាប្រាកដជាសប្បាយ និងរំភើបខ្លាំងទ្វេដង។

គួរបញ្ជាក់ថា បណ្តាញសង្គមនាពេលបច្ចុប្បន្នបានក្លាយជាទីកន្លែងដ៏មានឥទ្ធិពលមួយក្នុងការផ្សព្វផ្សាយមាតិកានានា ជាក់ស្តែង Temple Run នៅក្នុងជីវិតពិតនេះដែរក៏បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យចំណាយពេលវេលាមកទស្សនាប្រាសាទនៅកម្ពុជាយ៉ាងគគ្រឹកគគ្រេងផងដែរ៕
