នៅក្នុងវគ្គដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងកម្មវិធី MasterChef Cambodia រស្មី ដែលទទួលបានសិទ្ធិធ្វើជាប្រធានក្រុមជាលើកដំបូង បានសុខចិត្តប្រឈមមុខនឹងវិញ្ញាសារងសម្ពាធ ដែលអាចឱ្យខ្លួនត្រូវជម្រុះចេញពីកម្មវិធីបាន ប៉ុន្តែការសម្រេចចិត្តរបស់រស្មី ក៏ទទួលបានការកោតសរសើរជាច្រើនផងដែរ។
ក្រោយការដឹកនាំក្រុមជាលើកដំបូងបានទទួលជ័យជម្នះលើក្រុមរបស់បញ្ញា គណៈកម្មការបានតម្រូវឱ្យរស្មី ធ្វើការសម្រេចចិត្តជ្រើសរើសកូនក្រុមម្នាក់ឱ្យនៅឈរចម្អិនជាមួយបេក្ខជនអាវអៀមខ្មៅដទៃទៀត ទោះបីជាក្រុមរបស់រស្មីទទួលបានជ័យជម្នះក៏ដោយ។
ទោះជាយ៉ាងណា រស្មី មិនឱ្យសមាជិកណាម្នាក់ប្រឈមនឹងការជម្រុះចេញពីកម្មវិធីនោះទេ ដោយបានធ្វើការសម្រេចចិត្តជួយសង្រ្គោះសមាជិកក្រុមទាំងអស់ ដោយទុកឱ្យខ្លួនឯងស្ថិតនៅក្នុងការប្រកួតសម្ពាធជាបន្តទៀត។
រស្មី បានទទួលភារកិច្ចចម្អិនអន្ទង់សមុទ្រ ដែលជាគ្រឿងផ្សំគោលដ៏លំបាកក្នុងការចម្អិន នៅក្នុងវិញ្ញាសារងសម្ពាធដ៏តានតឹង។ យ៉ាងណា រស្មីនៅតែអាចឆ្លងផុតពីការជម្រុះចេញពីកម្មវិធី។
ការជ្រើសរើសរបស់រស្មី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់នាងចំពោះក្រុមរបស់នាង ទោះបីជាមានហានិភ័យផ្ទាល់ខ្លួនក៏ដោយ។ ក្រោយឃើញពីការសម្រេចចិត្តរបស់បេក្ខនារីមកពីស្វាយរៀងរូបនេះ អ្នកទស្សនាជាច្រើនបានកោតសរសើរចំពោះការលះបង់របស់រស្មី ក្នុងនាមជាប្រធានក្រុមដែលមានទំនួលខុសត្រូវខ្ពស់។
ទស្សនាការប្រកួតវិញ្ញាសាសម្ពាធនៅលើក្នុងសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia តាមរយៈវីដេអូខាងក្រោម៖