ការចាកចេញរបស់ ឧត្តុង ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ក្នុងសប្ដាហ៍ទី១១ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងការសោកស្ដាយពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។ ឧត្តុង ដែលបេក្ខជនមានអត្តចរិតដ៏គួរឱ្យគោរព ជាបេក្ខជនទី៩ ដែលត្រូវជម្រុះចេញពីកម្មវិធី ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
ឧត្តុង បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ខណៈអ្នកគាំទ្របានចូលរួមបង្ហាញនូវអារម្មណ៍សោកស្ដាយនៅក្នុងផេកផ្លូវការរបស់ MasterChef Cambodia ដោយកោតសរសើរ និងលើកទឹកចិត្តដល់ឧត្តុងសម្រាប់ការខិតខំប្រឹងប្រែងកន្លងមក។
អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា៖ “តាំងពីសប្ដាហ៍ដំបូងមក ខ្ញុំស្រលាញ់និងចូលចិត្តបង (ឧត្តុង) ពិតជាមានមោទកភាពចំពោះបងណាស់។ សូមបងរក្សាក្ដីស្រឡាញ់ និងចំណង់ចំណូលចិត្តចំពោះវិស័យម្ហូបអាហារ។”
ចំណែក អ្នកគាំទ្រម្នាក់ទៀតបានបាននិយាយថា៖ “ទឹកភ្នែកខ្ញុំស្រក់ជាលើកដំបូង ជាមួយ MasterChef Cambodia Season 3″។
អ្នកគាំទ្រម្នាក់ទៀត សរសើរស្នាដៃរបស់ឧត្តុង ដោយសរសេរថា៖ “ឧដុង្គ មកដល់ Top 17 ពិតជាពូកែណាស់ ហើយឆ្លងកាត់ការជម្រុះជាមួយបេក្ខជនជាច្រើននាក់។ ឧត្តុង ជាមនុស្សល្អ មានអត្តចរិតល្អ គួរឱ្យស្រឡាញ់។ បងប្អូន នៅតែបន្តគាំទ្រ ឧត្តុង រហូត និងជូនពរឱ្យកាន់តែជោគជ័យ ក្នុងការងារ។ Love you Dong and sending love from here.”
ទោះបីជាឧត្តុង មិនអាចបន្តឈរចម្អិននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ក៏ដោយ ក៏ឧត្តុងបានបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនសម្រាប់បេក្ខជនដទៃទៀត ពិសេសអត្តចរិតស្លូតបូតដែលធ្វើឱ្យគាត់ទទួលការគោរពស្រឡាញ់ពីបេក្ខជនជាច្រើន។
កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕