×

ព្យុះត្រូពិច Debby វាយប្រហារទីប្រជុំជននៅក្នុងរដ្ឋ Florida ឱ្យស្ថិតនៅក្រោមផ្ទៃទឹក

សហរដ្ឋអាម៉េរិក៖ ព្យុះត្រូពិច ដេបប៊ី (Debby) បានវាយប្រហារលើតំបន់ភាគខាងជើងរដ្ឋផ្លរីដា (Florida) កាលពីរសៀលថ្ងៃច័ន្ទ និងបន្តបក់បោកឆ្ពោះទៅកាន់រដ្ឋចរចា (Georgia) និងតំបន់ការ៉ូលីណា (Carolinas) ជាទីកន្លែងដែលអ្នកព្យាករណ៍រំពឹងថា ខ្យល់ព្យុះកំបុតត្បូងខាងលើ នឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលមួយសប្តាហ៍ រួមទាំងបង្កឱ្យមានមហន្តរាយទឹកជំនន់ដ៏ខ្លាំងក្លាទៀតផង។

នៅពេលព្យុះ ដេបប៊ី (Debby) វាយប្រហារលើតំបន់ឆ្នេរសមុទ្រ វាបានធ្វើឱ្យទីប្រជុំជនវាលខ្សាច់ស៊ូវ៉ាន់នី (Suwannee) ជាភូមិនេសាទតូចមួយ ស្ថិតនៅក្រោមផ្ទៃទឹក និងប្រែក្លាយទៅជាទឹកទន្លេ ។

ព្យុះនេះ បានថមថយឥទ្ធិពលខ្លះៗ បន្ទាប់ពីវាយប្រហាររដ្ឋផ្លរីដា នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃដដែល ខណៈមជ្ឈមណ្ឌលជាតិតាមដានព្យុះសង្ឃរា បានបញ្ជាក់ថា ព្យុះដេបប៊ី មានល្បឿនខ្យល់បោកបក់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្វើឱ្យមានការរអិលបាក់ដីនៅជិតសហគមន៍ស្តាញហាត់ឈី (Steinhatchee) នៅក្នុងតំបន់ប៊ីកប៊ែន (Big Bend) ។

គួររំឮកថា មជ្ឈមណ្ឌលដដែល បានព្យាករណ៍ថា ខ្យល់ព្យុះដេបប៊ី (Debby) នឹងរំកិលឆ្ពោះទៅក្នុងមហាសមុទ្រអាត្លង់ទិក នៅយប់ថ្ងៃអង្គារ បន្ទាប់មកវានឹងកើនឡើងឥទ្ធិពលឡើងវិញ ហើយបោកបក់លើតំបន់ដីគោកសារជាថ្មី មុននឹងបន្តបក់បោកឆ្ពោះទៅវាយប្រហារតំបន់ឆ្នេរក្នុងរដ្ឋចរចា (Georgia) និងរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) នៅក្នុងសប្តាហ៍នេះ ។

ទន្ទឹមនឹងនេះ សារព័ត៌មាន ABC របស់ប្រទេសអូស្ត្រាលី បានចុះផ្សាយនៅមុននេះថា មនុស្សពីរនាក់ស្លាប់ នៅក្នុងហេតុការណ៍គ្រោះមហន្តរាយបង្កដោយព្យុះត្រូពិច Debby ៕

ប្រែសម្រួល៖ ឡេង លាងហេង/CNC
ប្រភព៖ Reuters Connect
រូបភាព៖ Yahoo News/ CBS News

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង