សហរដ្ឋអាម៉េរិក៖ បុគ្គលិកម្នាក់របស់ហាងអាហាររហ័ស ម៉ាក ដូណាល់ (McDonald) នាថ្ងៃពុធសប្តាហ៍មុន ត្រូវតុលាការសហព័ន្ធកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយចោទប្រកាន់ពីបទបង្កឱ្យមានអគ្គិភ័យឆាបឆេះនៅក្នុងធុងសំរាមរបស់ហាង ដើម្បីបណ្ដេញលំហូរភ្ញៀវឱ្យចេញពីហាង ។
ការិយាល័យអគ្គមេធាវីអាម៉េរិក និយាយថា កាលពីខែមេសា ឆ្នាំមុន ទណ្ឌិតឈ្មោះ Joshua Daryl McGregor អាយុ ៣៤ ឆ្នាំ កំពុងធ្វើការនៅក្នុងហាងផ្គត់ផ្គង់អាហាររហ័សខាងលើ ដោយខ្លួនចាប់ផ្តើមមិនពេញចិត្ត នៅពេលឃើញថា ទាំងនៅក្នុងហាង និងនៅឯទីតាំងបញ្ជរកម្មងរហ័ស (Drive-through) ពោរពេញដោយភ្ញៀវដ៏ច្រើន ។
ភ្លាមៗក្រោយមក ទណ្ឌិតរូបនោះ ក៏បានដុតក្រដាសកាតុងធ្វើកេស ហើយបោះចូលទៅក្នុងធុងសំរាមរបស់ហាង ដែលពោរពេញដោយវត្ថុនិងសម្ភារៈងាយឆាបឆេះ រហូតបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង ធ្វើឱ្យភ្ញៀវទាំងក្នុងហាង និងទីតាំងបញ្ជរកម្មងរហ័ស (Drive-through) ភៀសខ្លួនចេញ ខណៈហាងបានបង្ខំបិទមួយរយៈពេលខ្លី ដើម្បីឱ្យក្រុមអ្នកពន្លត់អគ្គិភ័យជួយគ្រប់គ្រងស្ថានការណ៍ឆាបឆេះ ។
បន្ទាប់មក ទណ្ឌិត McGregor ដែលស្ថិតនៅក្នុងអំឡុងកំពុងហាត់ការធ្វើជាអ្នកគ្រប់គ្រងហាង បានថតហេតុការណ៍ឆាបឆេះនេះ រួចបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មុននឹងត្រូវបានចាប់ខ្លួន នេះបើយោងតាមការបញ្ជាក់បន្ថែមដោយកាសែត Charlotte Observer ។ បុរសខាងលើ នឹងស្ថិតនៅក្រោមការតាមដានរយៈពេល ៣ ឆ្នាំ នៅពេលរួចទោសចេញពីពន្ធនាគារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ New York Post