ភ្នំពេញ៖ នារាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម ចូលរួមពិធីសម្ពោធ និងទស្សនាភាពយន្តរឿង “ការណាត់ជួបជាមួយ ប៉ុល ពត” Rendez-vous avec POL POT របស់ផលិតករល្បីឈ្មោះ លោក រិទ្ធី ប៉ាន់ នៅរោងភាពយន្ត Legend Primuim Cinema ក្នុងអគារ Exchange Square ។
នៅក្នុងពិធីសម្ពោធខ្សែភាពយន្តនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល, ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, ឯកឧត្ត ឌិត ទី ណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងសិល្បករសិល្បការិនី រួមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។
ភាពយន្តរឿង “ការណាត់ជួបជាមួយប៉ុល ពត” Rendez-vous avec POL POT ជាស្នាដៃរបស់ផលិត របស់ផលិតករជើងចាស់មានទេពកោសល្យ និងបទពិសោធន៍ខ្ពស់ គឺ លោក រិទ្ធី ប៉ាន់ ដោយសាច់រឿង បានដកស្រង់ពីសៀវភៅ «នៅពេលដែលសង្គ្រាមរលត់ទៅ» របស់លោកស្រី អេលីហ្សាប៊ែត បើកខ័រ ហើយភាពយន្តមួយនេះ ត្រូវបានជ្រើសរើសយកទៅចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៧ កាលពីពេលថ្មីៗនេះទៀតផង។
យោងតាមឯកសាររបស់មជ្ឈមណ្ឌល បូផាណា បានឲ្យដឹងថា ភាពយន្តនេះ មានខ្លឹមសារទាក់ទិនទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ (កម្ពុជា) ក្នុងឆ្នាំ១៩៧៨។ អ្នកកាសែតបារាំងបីនាក់ ត្រូវបានខ្មែរក្រហម អញ្ជើញឱ្យធ្វើបទសម្ភាសន៍ផ្តាច់មុខអំពីមេដឹកនាំរបបប៉ុល ពត។ នៅក្នុងសាច់រឿងនោះ បាននិយាយទៀតថា ប្រទេសនេះ ហាក់ដូចជាមានស្ថានភាពល្អណាស់ ។ ប៉ុន្តែនៅពីខាងក្រោយរបបខ្មែរក្រហមកំពុងធ្លាក់ចុះ ហើយមានសង្គ្រាមជាមួយវៀតណាម។ របបនេះ បានលួចលាក់ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទ្រង់ទ្រាយធំ។ ក្រោមក្រសែភ្នែកអ្នកកាសែតបារាំងទាំងបី រូបភាពដ៏ស្រស់ស្អាត ប្រែក្លាយជាការបង្ហាញពីភាពភ័យរន្ធត់ទៅវិញ ហើយដំណើររបស់ពួកគេប្រែទៅជាសុបិនអាក្រក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានលើកឡើងថា នេះជាភាពយន្តបែបប្រវត្តិសាស្ត្រកម្ពុជា ហើយតាមរយៈភាពយន្តមួយនេះ ពិតជាមានតម្លៃ និងគុណប្រយោជន៍ខ្លាំងសម្រាប់ប្រជាជនកម្ពុជា ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសខ្លួនឯង ពិសេសយុវជន គួរតែចំណាយពេលវេលាណាមួយចូលរួមទស្សនាភាពយន្តមួយនេះ ព្រោះបានទទួលទាំងចំណេះ និងភាពជក់ចិត្តនៃសាច់រឿងរបស់ភាពយន្តផងដែរ។
តាមរយៈការបញ្ជាក់របស់មជ្ឈមណ្ឌល បូផាណា ភាពយន្តមួយនេះ នឹងត្រូវចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ តទៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ ២ដុល្លារ តែប៉ុណ្ណោះ៕
ដោយ ÷ គង់ វណ្ណ: រូបភាព ប៉ក់ សុឃីម