ក្នុង ៣ សប្ដាហ៍ចុងក្រោយនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បញ្ញា ហាក់ដូចជាកំពុងមានការឡើងទឹកដៃជាខ្លាំង នៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ ដោយបានឈ្នះចំនួន ៣ វិញ្ញាសា លើកលែងតែការប្រកួតជាក្រុម។
កាលពីសប្ដាហ៍ទី៩ បញ្ញា រួមជាមួយ រស្មី បានទទួលជ័យជម្នះជាលើកដំបូងរបស់ខ្លួន នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលបញ្ញាទទួលបាន ក្រួច គឺជាគ្រឿងផ្សំគោលសម្រាប់ចម្អិន។ បន្ទាប់មក បេក្ខជនដែលជាមន្ត្រីនគរបាលរូបនេះ បានដឹកនាំក្រុមជាលើកដំបូង ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះទេ ដែលត្រូវប្រឈមនឹងការប្រកួតអៀមខ្មៅ កាលពីសប្ដាហ៍ទី១០។
យ៉ាងណាមិញ នៅសប្ដាហ៍ទី១១ បញ្ញា នៅតែបន្តធ្វើបានល្អទាំង២វិញ្ញាសា ដោយឈ្នះទាំងពីរ ក្នុងការប្រកួតប្រអប់អាថ៌កំបាំង ដែលទទួលបានជើងជ្រូកជាគ្រឿងផ្សំគោល និង ម្ហូបច្នៃប្រឌិត ដែលមានកន្សោមដោះគោជាគ្រឿងផ្សំគោល និងជាគ្រឿងផ្សំលំបាកមួយ ប៉ុន្តែបញ្ញានៅតែអាចចម្អិនមុខម្ហូបមួយចានដែលជាប់ Top 4 ។
ការឡើងទឹកដៃរបស់បញ្ញា ធ្វើឱ្យទស្សនិកជនមិនអាចមើលរំលងពីសមត្ថភាពរបស់បេក្ខជនរូបនេះបានឡើយ។ នៅសប្ដាហ៍បន្ទាប់ បញ្ញា នឹងដឹកនាំក្រុមសាជាថ្មី ដើម្បីប្រកួតក្នុងវិញ្ញាសាជាក្រុម នៅក្នុងផ្ទះបាយ MasterChef Cambodia ។
តើបញ្ញាអាចជួយឱ្យក្រុមរបស់គាត់ឈ្នះនៅក្នុងការដឹកនាំក្រុមជាលើកទី២របស់គាត់បានដែរឬទេ? ចង់ដឹងច្បាស់ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី១១ ខែសីហា ចាប់ពីម៉ោង ៨ យប់តទៅ៕