×

ចិត្តស្រលាញ់ អាលីស តែទង្វើបែរជាបារម្ភយកចិត្តទុកដាក់សង្សារចាស់រហូតអនុញ្ញាតឱ្យគេមករួមរស់ក្រោមដំបូលផ្ទះតែមួយ

ភ្នំពេញ៖ ការវិលត្រលប់មកវិញសាជាថ្មីរបស់ វីណា បានធ្វើឱ្យទំនាក់ទំនងរបស់ ចក្រ និង អាលីស កាន់តែដុនដាបខ្លាំងឡើងដោយសារវត្តមានរបស់ វីណា មានចេតនាចង់មកដណ្តើម ចក្រ វិញក្រោយស្វាមីនាងលែងមានទ្រព្យសម្បត្តិដើម្បីផ្គត់ផ្គង់នាងទៀត អ៊ីចឹងហើយជម្រើសចុងក្រោយមានតែវិលត្រលប់មករក ចក្រ វិញក្រោយដឹងថា ចក្រ គឺអ្នកស្នងមុខជំនួញធំៗជាច្រើនពីប៉ារបស់គេ។

វីណា បានកុហកថាខ្លួនមានជំងឺមហារីក និងត្រូវប្តីធ្វើបាបដើម្បីឱ្យ ចក្រ ចិត្តទន់យល់ព្រមតាមនាងគ្រប់សំណើរហូតអនុញ្ញាតឱ្យនាងមករស់នៅក្នុងផ្ទះជាមួយមិនក្រែងចិត្ត អាលីស ដែលជាប្រពន្ធឡើយ។ បើទោះជាការរៀបការរបស់ ចក្រ និង អាលីស គ្រាន់តែជាការបំភ័ន្តភ្នែកគ្រប់គ្នាដើម្បីដោះស្រាយបញ្ហាដែលពួកគេមានរៀងខ្លួនក៏ពិតមែន ប៉ុន្តែការស្និទ្ធស្នាលដែលអ្នកទាំងពីររស់នៅជាមួយគ្នាយូរក៏បានមានចិត្តឱ្យគ្នាទៅវិញទៅមក គ្រាន់តែមិនមានឱកាសល្អដើម្បីសារភាពប្រាប់គ្នាប៉ុណ្ណោះ។

ក្តីស្រលាញ់របស់ អាលីស ទៅលើ ចក្រ បែរត្រូវឈរមើលមនុស្សដែលខ្លួនស្រលាញ់ទៅបារម្ភយកចិត្តទុកដាក់លើសង្សារចាស់បែបនេះពិតជាមិនស្រួលក្នុងចិត្តឡើយ បានត្រឹមសំងំយំម្នាក់ឯងប៉ុណ្ណោះ។ អ្នកគាំទ្រដែលបានទស្សនារឿង “គូស្នេហ៍គូបោក” មានការគ្រឺតខ្នាញ់ ចក្រ ជាខ្លាំងដែលមិនខ្វល់ពីអារម្មណ៍មនុស្សខ្លួនឯងស្រលាញ់ តែបែរជាទៅខ្វល់ខ្វាយជាមួយសង្សារចាស់ដែលជាដើមហេតុនាំឱ្យមនោសញ្ចេតខ្លួនជាមួយ អេលីស កាន់តែមានការយល់ច្រលំខ្លាំងឡើង។

“គូស្នេហ៍គូបោក” ដែលជារឿងភាគខ្មែរបែបយុវវ័យកំពុងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន និងទទួលបានការកោតសរសើរផងដែរថាសាច់រឿងល្អមើល រីឯតួសម្តែងក៏មានទេពកោសល្យខ្ពស់។ ចង់ដឹងថា ពេលណាទើប ចក្រ ដឹងពីល្បិចរបស់ វីណា កុំភ្លេចតាមដានទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨យប់នៅ CTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង