×

បេក្ខនារីវ័យក្មេងបំផុតរបស់ MasterChef Cambodia ត្រូវជម្រុះចេញពីកម្មវិធីដោយសារម្ហូបអឺរ៉ុប

នៅក្នុងសប្ដាហ៍ទី១២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជនទាំងអស់និងទស្សនិកជនបានសោកស្ដាយចំពោះការចាកចេញរបស់បេក្ខនារីដែលវ័យក្មេងបំផុត នីតា។

ក្នុងការចម្អិនម្ហូបអ៊ីតាលី Risotto នៅក្នុងវិញ្ញាសាសម្ពាធដ៏តានតឹង បេក្ខជនដែលពាក់អៀមខ្មៅចំនួន ៧ នាក់ រួមទាំង នីតា ផងនោះបានប្រឈមនឹងការលំបាកក្នុងការចម្អិនម្ហូបដែលតម្រូវចិត្តរបស់គណៈកម្មការទាំង៣រូប រួមទាំងភ្ញៀវកិត្តិយសដ៏ពិសេសម្នាក់ដែលចូលរួមនៅក្នុងសប្ដាហ៍នេះ ពោលគឺលោក David Ulmer ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Broadcasting Service (CBS) ។

ម្ហូប Risotto របស់នីតា ធ្វើពុំទាន់បានល្អនោះទេ ដែលធ្វើឱ្យនាងត្រូវជម្រុះចេញពីកម្មវិធីដ៏គួរឱ្យសោកស្ដាយ ដោយសារតែការគិតខុសនិងធ្វេសប្រហែលបន្តិចតែប៉ុណ្ណោះ សម្រាប់បេក្ខនារីដែលមានការឡើងទឹកដៃយ៉ាងខ្លាំងនៅក្នុងផ្ទះបាយ MasterChef Cambodia ដែលត្រូវបានផ្ដល់សិទ្ធិឱ្យធ្វើជាប្រធានក្រុមពីរដង។

នីតា គឺជាបេក្ខជនទី១០ ដែលត្រូវជម្រុះចេញពីកម្មវិធី។ ទោះជាយ៉ាងណា សមត្ថភាពរបស់នីតា មិនធម្មតាឡើយ ទម្រាំអាចឈានជើងមកដល់វគ្គនេះ ហើយបេក្ខនារីដែលជានិស្សិតជំនាញផ្នែកទេសចរណ៍រូបនេះ បានសន្យាថានឹងបំពេញតាមក្ដីស្រមៃរបស់ខ្លួនឯងដើម្បីបើកភោជនីយដ្ឋានមួយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង