ក្នុងឱកាសដ៏កម្រនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នាសប្ដាហ៍ទី១២ ភ្ញៀវកិត្តិយសដ៏ពិសេស គឺលោក David Ulmer ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Broadcasting Service (CBS) បានចូលរួមផ្ដល់ជាមតិយោបល់លើម្ហូបរបស់បេក្ខជន ដែលប្រកួតនៅក្នុងវិញ្ញាសាសម្ពាធដ៏តានតឹង។
លោក David Ulmer ដែលជាឥស្សរជនដែលមានការគោរពក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានជ្រើសរើសមុខម្ហូបអ៊ីតាលីដ៏ល្បីល្បាញ ដែលមានឈ្មោះថា Risotto ដើម្បីតម្រូវឱ្យបេក្ខជនទាំង ៧នាក់ ដែលពាក់អាវអៀមខ្មៅ ធ្វើការចម្អិនដើម្បីរំឭកពីអនុស្សាវរីយ៍កាលពីកុមារភាពរបស់គាត់។
លោក David Ulmer បានមានប្រសាសន៍ឱ្យដឹងថា កាលពីកុមារភាព លោកយាយរបស់គាត់ តែងតែចម្អិនម្ហូប Risotto នេះសម្រាប់គាត់ ដូច្នេះនៅពេលទទួលទានអាហារអ៊ីតាលីនេះ លោកតែងតែនឹកដល់អនុស្សាវរីយ៍ដ៏ល្អដែលពុំអាចបំភ្លេចបាន។ លោកក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃតុល្យភាពនៅក្នុងម្ហូប Risotto ដែលបេក្ខជនទាំងអស់ត្រូវចម្អិនឱ្យដូចអ្វីដែលលោកចង់បានផងដែរ។
សប្ដាហ៍នេះមិនត្រឹមតែបង្ហាញពីការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យទស្សនិកជនបានឃើញពីអនុស្សាវរីយ៍ដ៏ល្អនៅក្នុងម្ហូបមួយចានសម្រាប់មនុស្សម្នាក់ៗ។ វត្តមានរបស់លោក David Ulmer បានធ្វើឱ្យ MasterChef Cambodia កាន់តែប្លែក និងបង្ហាញពីការយកចិត្តទុកដាក់របស់ CBS ចំពោះវិស័យម្ហូបអាហារនៅកម្ពុជាផងដែរ៕