×

ដាឡែត ដឹកនាំក្រុមលើកដំបូងទទួលជ័យជម្នះលើវិញ្ញាសាប្រកួតបណ្ដាក់ជាលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia

នៅក្នុងសប្ដាហ៍ដ៏ប្លែក នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមរបស់ដាឡែត បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងវិញ្ញាសាជាក្រុមបែបប្រកួតបណ្ដាក់ជាលើកដំបូង ទោះបីជាមានការទាស់ទែងពាក្យសម្ដីរវាងសមាជិកក្រុមនិងសមាជិកក្រុមបន្តិចបន្តួចក៏ដោយ។

វិញ្ញាសានេះ តម្រូវឱ្យក្រុមនីមួយៗដែលមានសមាជិក ៤នាក់ក្នុងចំណោមក្រុមទាំង៤ ធ្វើការចម្អិនម្ហូបអឺរ៉ុបឈ្មោះថាស្ដេក Rossini ដោយចម្អិនបណ្ដាក់គ្នាម្ដងម្នាក់ ចំនួន ២ ជុំ ក្នុងរយៈពេល៤០នាទី។ ដូច្នេះ សមាជិកម្នាក់ៗតម្រូវឱ្យឆ្លាសវេនគ្នា ៥ នាទីម្ដង។

ចំពោះ ដាឡែត ដែលដឹកនាំក្រុមជាលើកដំបូងចាប់ពីតាំងចូលរួមនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ត្រូវដឹកនាំក្រុមចម្អិនម្ហូបផង និងដោះស្រាយទំនាស់នៅក្នុងក្រុមផង រវាង វីល្លៀម និងពេជ្រ ដែលបានប៉ះទង្គិចគ្នាតាំងពីដើមរដូវកាល។ ចំណែក ពេជ្រ ហាក់ពុំសូវស្ដាប់មតិយោបល់របស់សមាជិកដទៃទៀតឡើយ ធ្វើឱ្យវីល្លៀមពុំសូវសប្បាយចិត្តនឹងភាពមានះរបស់ពេជ្រ។

ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ ក៏ការដឹកនាំលើកដំបូងរបស់ដាឡែតទទួលបានជោគជ័យ ដោយមុខម្ហូបស្ដេក Rossini របស់ពួកគេ គឺជាម្ហូបតែមួយគត់ដែលបំពេញតាមលក្ខន្តិកៈគ្រប់ជ្រុងជ្រោយរបស់គណៈកម្មការទាំងរសជាតិ និងការចម្អិន។

ខណៈពេលដែលស្ដេករបស់ក្រុម៣ផ្សេងទៀត ឆ្អិនជ្រុល និងមិនទាន់ឆ្អិនល្អ ក្រុមរបស់ដាឡែត បានបង្ហាញថាភាពស្វាហាប់ និងការធ្វើការងារជាក្រុមអាចយកឈ្នះបាន សូម្បីតែនៅក្នុងស្ថានភាពស្ត្រេសបំផុតក៏ដោយ។ ជ័យជម្នះរបស់ពួកគេក្នុងការប្រកួតប្រជែងនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ដាឡែត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង