![]()
ភ្នំពេញ៖ បាត់មុខពីបណ្តាញសង្គមអស់រយៈពេលប៉ុន្មានឆ្នាំ Bro KH ដែលជាអ្នកផលិតមាតិកាល្បីមួយរូបបានត្រលប់មកវិញជាមួយនឹងរូបរាងប្លែកមើលមិនចង់ស្គាល់។ ទាក់ទងនឹងការផ្លាស់ប្តូររូបរាងទាំងស្រុងនេះ Bro KH បានបញ្ជាក់ឱ្យដឹងថា មូលហេតុដោយសារលោកមានជំងឺគេងមិនលក់ ទើបធ្វើឱ្យលោកញ៉ាំអត់ឈប់ជាពិសេសពេលយប់ បូករួមនឹងការប្រើប្រាស់ថ្នាំជាប្រចាំផងទើបអ្វីៗមានការផ្លាស់ប្តូរទាំងស្រុងបែបនេះ។

ទោះបីជាបាត់មុខពីបណ្តាញសង្គមសូន្យឈឹងអស់មួយរយៈធំក៏ពិតមែន ប៉ុន្តែ Bro KH នៅតែមានសន្ទុះនៃការគាំទ្រខ្លាំងដដែល ហើយការវិលត្រលប់មកវិញរបស់លោកមួយរយៈមុនលោកបានសន្យានឹងផលិតវីដេអូ និងតាំងចិត្តយកខ្លួនឯងពីមុនមកវិញទាំងអស់។ ជាក់ស្តែងអ្វីៗមិនដូចការគិតឡើយ ដោយកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅបែរឃើញរូប Bro KH គេងនៅគ្រែពេទ្យដោយភ្ជាប់ជាមួយប្រយោគបែបនេះថា “មូលហេតុដែលខែ7ខ្ញុំអត់ទាន់ចេញvideo គ្រាន់តែដេកលេីគ្រេត្រូវចាយពេលពីរទៅ3ខែ កុំតែបានអាប្អូននៅ Australia ជួយកុំអីខ្ញុំវះកាត់អត់បានទេ អរគុណអាប្អូន Ratanaa”។

គួរបញ្ជាក់ដែរថា ការផុសឡើងនេះលោកមិនបានបញ្ជាក់ថាវះកាត់អ្វីឡើយ ជាហេតុធ្វើឱ្យអ្នកគាំទ្រនាំគ្នាបារម្ភពីសុខភាពតារាបណ្តាញសង្គមរូបនេះជាខ្លាំង ដោយអ្នកខ្លះបានបញ្ចេញមតិថាពិតជានឹករឮករូបលោកជាខ្លាំងដែលធ្លាប់តែជាមនុស្សមានភាពរស់រវើក បែរពេលនេះទាំងសុខភាពផ្លូវចិត្តទាំងផ្លូវកាយបែរមកទ្រុឌទ្រោមដល់ថ្នាក់នេះទៅវិញ៕
