![]()
នៅក្នុងសប្ដាហ៍ដ៏តានតឹងនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ការប្រកួតដែលតម្រូវឱ្យបេក្ខជនធ្វើការចម្អិនម្ហូបរីសូតូបែប Classic បានធ្វើឱ្យ សំអន នីតា និង ម៉ាលីន ជាបេក្ខជនចុងក្រោយ។
ដើម្បីចម្អិនរីសូតូដ៏ល្អឥតខ្ចោះ Chef ម៉េងហ៊ី ក៏បានណែនាំដែរថា អង្កររីសូតូ ជាប្រភេទបាយរបស់ប្រទេសអ៊ីតាលី ដែលក្នុងការចម្អិន គេមិនត្រូវការលាង ឆាជាមួយខ្ទឹមជាមួយប្រេងអូលីវ ឬក៏ប័រ ហើយដាក់ស្រាស រួចដាក់ទឹកឬទឹកស៊ុប។
Chef ម៉េងហ៊ីបន្តថា ការចម្អិនអង្កររីសូតូ តម្រូវឱ្យកូរឱ្យបានញឹកញាប់ ហើយត្រូវដាក់ទឹកបន្តិចម្ដងៗហើយកូរញឹកញាប់កុំឱ្យខ្លោចបាត កុំប្រើភ្លើងខ្លាំងពេក ត្រូវការកូរជារឿយប្រហែល១០ ទៅ ១៥នាទី។ ក្រោយទទួលបានការពន្យល់ និងភ្លក់រសជាតិរីសូតូរបស់ Chef រួច បេក្ខជនចំនួន ៧ នាក់ រួមមាន ម៉ាលីន លីនណា នីតា រស្មី វណ្ណី សំអន និង សិរីលក្ខ័ណ៍ ត្រូវចម្អិនរយៈពេល ៤០នាទី។
ជាលទ្ធផលសម្រាប់ សំអន នីតា និង ម៉ាលីន រីសូតូរបស់ពួកគាត់ធ្វើមិនទាន់បានល្អតាមលក្ខខណ្ឌរបស់គណៈកម្មការនោះទេ។ សម្រាប់សំអន នេះគឺជាលើកទីមួយដែលខ្លួនបានឈរក្នុងចំណោមបេក្ខជន ៣នាក់ចុងក្រោយដែលប្រឈមនឹងការជម្រុះចេញពីកម្មវិធី។ យ៉ាងណា សំអន មិនត្រូវបានជម្រុះចេញនោះទេ ដោយសារម្ហូបរបស់សំអនល្អជាងនីតា និងម៉ាលីន ហើយអ្នកដែលត្រូវចាកចេញនោះគឺ នីតា។
ទស្សនាវិធីចម្អិនរីសូតូ នៅក្នុងកម្មវិធី MasterChef Cambodia តាមរយៈវីដេអូខាងក្រោម៖