×

រួមសុខបានតែរួមទុក្ខមិនបាន ឃើញប្រពន្ធពិការជើងចុងក្រោយឪពុកតារាចម្រៀងស្រី ម៉ង់ ចាន់កញ្ញា សុំចែកផ្លូវ

ភ្នំពេញ៖ តារាចម្រៀង ម៉ង់ ចាន់កញ្ញា ត្រូវបានកម្មវិធីល្បីមួយក្នុងស្រុកអញ្ជើញធ្វើជាតារាកិត្តិយសដើម្បីចែករំលែកជីវិតដែលនាងបានហែលឆ្លងកន្លងមកទម្រាំទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ តាមរយៈការបញ្ជាក់របស់ កញ្ញា បានឱ្យដឹងថា កាលនាងមានអាយុទើប ៩ឆ្នាំខណៈពេលដែលនាងជាមួយឪពុកម្តាយបានឡើងពីខេត្តដើម្បីយកម្ហូបខ្លះមកឱ្យបងប្រុសធ្វើការជាសន្តិសុខនៅភ្នំពេញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលត្រលប់ទៅវិញបណ្តាលឱ្យម្តាយនាងពិការជើង រីឯនាងជាមួយឪពុករងរបួសស្រាល។

កំពុងជួបបញ្ហាបែបនេះ សុខៗបែរឪពុករបស់នាងបែកឆ្វេងលួចមានស្រីថ្មីរហូតឈានដល់ការសុំចែកផ្លូវគ្នាជាមួយម្តាយនាង។ ពេលនោះម្តាយរបស់នាងមិនអាចធ្វើអ្វីបានឡើយទើបបន្ទុកគ្រួសារបានធ្លាក់លើយាយរបស់នាងទាំងស្រុង ហើយពេលនោះអ្វីដែលនាងអាចជួយសម្រាលបន្ទុកក្នុងគ្រួសារបានគឺនាងបានទៅជាមួយយាយដើម្បីលក់នំ និងលាងចាន ដុសបន្ទប់ទឹកជាដើម។

 

រហូតដល់ធំពេញរូបពេញរាង ម៉ង់ ចាន់កញ្ញា បានឡើងមកភ្នំពេញ និងបានដើរសុំតាមរង្គសាលច្រៀង បើទោះជាត្រូវភ្ញៀវមាក់ងាយយ៉ាងណាក៏នាងនៅតែស៊ូទ្រាំព្រោះតែជីវភាព។ ជាក្មេងស្រីដែលខំពុះពារតែម្នាក់ឯងអស់រាប់ឆ្នាំ ទីបំផុតជីវិតរបស់តារាចម្រៀងវ័យក្មេងរូបនេះចាប់ផ្តើមមានពន្លឺ មានឱកាសបានប្រលូកក្នុងសិល្បៈរហូតមកទល់ពេលបច្ចុប្បន្ន ម៉ង់ ចាន់កញ្ញា អាចមានសមត្ថភាពរកប្រាក់ចិញ្ចឹមគ្រួសារទាំងមូលឱ្យរស់ស្រួលបាន និងមានផ្ទះ មានឡាន ព្រមទាំងកេរ្តិ៍ឈ្មោះផងដែរ។

នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងឪពុកក្រោយដឹងថានាងមានកេរ្តិ៍ឈ្មោះវិញ ម៉ង់ ចាន់កញ្ញា បានឱ្យដឹងថា ឪពុករបស់នាងបានទាក់ទងនាងដើម្បីសុំថវិកា។ តារាស្រីរូបនេះបានបង្ហាញអារម្មណ៍ឯកោបំផុតទាំងដែលមានឪពុកតែបែរជាដូចគ្មានឪពុក ខណៈរាល់បុណ្យទិវាឪពុកម្តងៗឃើញម្នាក់ៗផុសរូបជូនពរឪពុកដោយក្តីស្រលាញ់ តែពេលក្រលេកមើលខ្លួនវិញនាងបានត្រឹមស្រណោះខ្លួនប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង