
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់សមាគមសិល្បករខ្មែ ដឹកនាំដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្នុងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” នៅទឹកដីអង្គរ និងជំរុញឱ្យរៀបចំព្រឹត្តិការណ៍នានាបន្ថែមទៀត។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា “សូមកោតសរសើរ និងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើម និងការរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅទឹកដីអង្គរ ខេត្តសៀមរាប ។ ព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់អំពីវប្បធម៌ សិល្បៈ ក៏ដូចជាការដាក់បង្ហាញពីម្ហូបអាហារខ្មែរ ដើម្បីចែករំលែកដល់អ្នកទេសចរបានយល់ បានភ្លក់ និងកម្សាន្តសប្បាយអំឡុងពេលធ្វើដំណើរមកកាន់ដែនដីអង្គរ ។
សូមលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍នានាបន្ថែមទៀត នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត ។”
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤នេះ សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយឯកឧត្ដម លោកជំទាវ សិល្បករ សិល្បការិនីរៀមច្បង និងជំនាន់ក្រោយជាច្រើនទៀត។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា “គ្រប់ពេលដែលខ្ញុំបានឈរជើងនៅលើគ្រឹះប្រាសាទថ្មដ៏រឹងមាំនេះ នាងខ្ញុំហាក់មានអារម្មណ៍ស្ញប់ស្ញែងអស្ចារ្យ ចំពោះការកសាងនូវខឿនវប្បធម៌ អរិយធម៌ ដ៏រឹងមាំ ពិសេសប្រាសាទអង្គរវត្ត ដែលជា អច្ឆរិយវត្ថុគ្មានពីរលើលោក។
ជាមួយគ្នានេះ ដើម្បីជាការដឹងគុណ តបគុណ ខ្ញុំសុំចូលខ្លួនដឹកនាំក្រុមការងារ សិល្បករសិល្បការិនី ជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក។
ជាមួយនឹងស្មារតីជាតិនិយមនេះហើយ ទើបជម្រុញឱ្យនាងខ្ញុំរៀបចំកម្មវិធីនេះឡើង ដោយមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធនានា និងក្រោមវត្តមានគាំទ្រពីសម្តេច និងគណៈអធិបតី ព្រមទាំងសិល្បករ សិល្បការិនី ជាច្រើនរូប ដោយញ៉ាំងឱ្យព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះ ដាស់បន្ថែមទៀតពីស្មារតីស្រឡាញ់ជាតិ និងជួយផ្សព្វសិល្បៈវប្បធម៌ដើម្បីទេសចរណ៍។”
ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍នៃការជួបជុំសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកស្ថិតនៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
តាមរយៈព្រឹត្តិការណ៍នេះដែរ សមាគមសិល្បករខ្មែរ ក៏បានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ៕
