×

ប្រហុកលីងប្រចាំស្នេហ៍ ជាមុខម្ហូបចុងក្រោយរបស់ពេជ្រ នៅក្នុងផ្ទះបាយ MasterChef Cambodia

នៅក្នុងសប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ពេជ្រ គឺជាបេក្ខជនទី១១ ដែលត្រូវជម្រុះចេញពីកម្មវិធី បន្ទាប់ពីមុខម្ហូប ប្រហុកលីងប្រចាំស្នេហ៍ របស់ពេជ្របានខុសលក្ខខណ្ឌរបស់គណៈកម្មការ។

ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ពេជ្រ ទទួលបានគមដូងជាគ្រឿងផ្សំគោល ប៉ុន្តែដោយសារកម្មវិធីតម្រូវឱ្យរស្មីដែលជាអ្នកឈ្នះនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ប្ដូរទីតាំងរបស់បេក្ខជន រស្មីបានប្ដូរទីតាំងរបស់ពេជ្រ ជាមួយវីល្លៀម ដែលទទួលបានទំពាំងជា គ្រឿងផ្សំគោល។ ការផ្លាស់ប្ដូរភ្លាមៗនេះ ធ្វើឱ្យពេជ្រសម្រេចចិត្តជ្រើសរើសយកការចម្អិនប្រហុកលីង។ ប៉ុន្តែ ពេជ្របានប្រើប្រាស់ទំពាំងធ្វើជាអន្លក់វិញ ដែលខុសលក្ខខណ្ឌរបស់គ្រឿងផ្សំគោល។

Chef ម៉េងហ៊ី បានណែនាំថា គ្រឿងផ្សំគោលត្រូវតែលេចធ្លោ នៅលើមុខម្ហូបមួយចាន។ ប៉ុន្តែម្ហូបប្រហុកលីងប្រចាំស្នេហ៍របស់ពេជ្រ បែរជាប្រើប្រាស់ទំពាំងជា Side Dish ទៅវិញ។ សម្រាប់ពេជ្រ ការច្នៃប្រឌិតរបស់គាត់មិនគ្រប់គ្រាន់ដើម្បីសង្គ្រោះគាត់បានឡើយ។

ការចាកចេញរបស់ពេជ្រ ធ្វើឱ្យហ្វេនៗ មានការសោកស្ដាយជាខ្លាំង ចំពោះបេក្ខជនមានវោហាសព្ទ ពូកែលេងសើច និងតែងតែបង្កភាពសប្បាយរីករាយនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។ យ៉ាងណា ពេជ្រ បានសន្យាថានឹងមិនបោះបង់ការចម្អិន និងសាកល្បងអ្វីដែលថ្មីនៅលើវិស័យម្ហូបអាហារឡើយ ហើយអរគុណដល់ហ្វេនៗនិងកម្មវិធីដែលបានផ្ដល់ឱកាសដល់គាត់ឱ្យបានចូលរួមប្រកួតប្រជែង៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង