×

ម៉ឺងម៉ាត់ ម៉ត់ចត់ Chef ម៉េងហ៊ី ជះរាងសង្ហាក្នុងការប្រកួតចម្អិនបេះដូងគោ ប្រកបដោយភាពច្នៃប្រឌិតក្នុងផ្ទះបាយ MasterChef Cambodia

Fan ជាច្រើនបានភ្ញាក់ផ្អើលនៅក្នុងសប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅពេលដែល Chef ម៉េង ហ៊ី បានឈានជើងចូលក្នុងការប្រកួតដើម្បីបង្ហាញពីជំនាញរបស់ខ្លួនជាមួយបេក្ខជនទាំង១៥នាក់។

ទទួលបានបេះដូងគោជាគ្រឿងផ្សំគោល Chef ម៉េង ហ៊ី បានច្នៃប្រឌិតម្ហូបកូនកាត់មួយចាន ដោយប្រើប្រាស់ជាមួយគ្រឿងផ្សំបន្ទាប់បន្សំដទៃទៀត ដើម្បីចម្អិនជាមុខម្ហូបមួយចានយ៉ាងឈ្ងុយឆ្ងាញ់ និងមានការរៀបចំយ៉ាងទាក់ទាញសក្តិសមជាមុខម្ហូបលំដាប់។

ការចម្អិនបេះដូងគោរបស់ Chef បានចែកជាពីរប្រភេទ គឺបេះដូងគោមួយផ្នែក យកទៅចៀនយកឆ្អិនត្រឹមតែ ១០ភាគរយប៉ុណ្ណោះ ហើយបេះដូងមួយផ្នែកទៀត យកទៅស្ងោរឆ្អិន ១០០ភាគរយ សម្រាប់ទឹកជ្រលក់ Chef ម៉េង ហ៊ី បានច្នៃជាបែបគ្រីម និងទឹកជ្រលក់ម្យ៉ាងទៀតផ្សំឡើងដោយគ្រឿងផ្សំខ្មែរ មានដូចជាម្អមនិងអំពិលខ្ចី។

ម្ហូបរបស់ Chef បានធ្វើឱ្យបេក្ខជនទាំងអស់លាន់មាត់សរសើរ និងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបេះដូងគោអាចចម្អិនឆ្អិនត្រឹមតែ ១០% ប៉ុន្តែអាចទទួលទានបានដោយគ្មានក្លិន។ នេះបានបង្ហាញពីបទពិសោធន៍របស់ Chef ដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើន និងជាចុងភៅលំដាប់ផ្កាយប្រាំម្នាក់ផងដែរ។ សម្រាប់ Chef ម៉េងហ៊ី បានពន្យល់ថា គោលដៅរបស់គាត់គឺចង់បង្ហាញពីរបៀបនៃការច្នៃប្រឌិត ដែលចុងភៅម្នាក់ៗគួរតែមាន។

ការបង្ហាញនេះ បានជំរុញទឹកចិត្តបេក្ខជនដើម្បីខិតខំច្នៃប្រឌិតលើគ្រឿងផ្សំដែលទទួលបាននៅក្នុងការប្រកួតបន្ទាប់។ តស់ទៅទស្សនាការចម្អិនរបស់ Chef ម៉េង ហ៊ី តាមរយៈវីដេអូខាងក្រោមនេះ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង