![]()
តៃវ៉ាន៖ ការលែងលះរវាង Barbie Hsu និងអតីតស្វាមីជាអ្នកជំនួញមិនបានបញ្ចប់ទៅដោយសន្តិវិធីឡើយ ដោយអ្នកទាំង ២នៅតែមានបញ្ហាប្តឹងផ្តល់គ្នាមិនឈប់ឈរ និងអូសបន្លាយអស់រយៈពេលជាយូរបើទោះជាពេលនេះអ្នកទាំង ២មានគ្រួសារថ្មីរៀងខ្លួនហើយក៏ដោយ។

Barbie Hsu បានរៀបការជាមួយនឹងអតីតសង្សាររបស់នាងជនជាតិកូរ៉េ DJ Koo ក្រោយលែងលះបាន ៣ខែ ហើយទំនាក់ទំនងមួយនេះបានលេចឭរឿងអាស្រូវជាច្រើនថា DJ Koo ព្រមរៀបការនេះដោយសារសម្លឹងឃើញទ្រព្យសម្បត្តិខាងស្រីប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹង រឿងមួយនេះបានធ្វើឱ្យមហាជននាំគ្នាខ្សឹមខ្សាវថា Barbie Hsu បានចំណាយប្រាក់ផ្គត់ផ្គង់ DJ Koo យ៉ាងសន្ធឹកផងដែរ។

យ៉ាងណាមិញ បើទោះជា Barbie និងអតីតស្វាមីបានលែងលះគ្នាដាច់ស្រេចហើយក៏ពិតមែន ប៉ុន្តែអ្នកទាំង ២នៅតែជាប់មានបញ្ហាជំពាក់ជំពិនគ្នាមិនដាច់ស្រេចដោយនៅសុខៗ Wang Xiaofei បានផ្តាច់ប្រាក់ផ្គត់ផ្គង់រហូតបញ្ហាមួយនេះត្រូវបាន Barbie ប្តឹងផ្តល់ថាអតីតស្វាមីរបស់នាងបានបំពានកិច្ចសន្យា។ ត្រង់ចំណុចនេះ Wang Xiaofei បានបញ្ជាក់ថា លោកមានទំនួលខុសត្រូវលើថ្លៃអាហារកិច្ចចំពោះកូនទាំង ២របស់លោកដែលស្ថិតក្រោមការមើលថែរបស់ Barbie Hsu ប៉ុន្តែមិនមានហេតុផលអ្វីដែលលោកត្រូវទំនុកបម្រុងរាល់ការចំណាយក្នុងផ្ទះឡើយ។

ទាក់ទងនឹងទំនាស់អស់ពីមួយទៅមួយមិនចេះចប់ ពេលនេះបានលេចចេញម្តាយរបស់ Wang Xiaofei បង្ហាញព័ស្តុតាងមួយចំនួនថា Barbie Hsu បានលួចផិតក្បត់កូនប្រុសខ្លួនតាំងពីមិនទាន់លែងលះ ដោយជារឿយៗនាងបានហោះទៅកូរ៉េដើម្បីជួប DJ Koo ទាំងមិនមានការងារអ្វីត្រូវបំពេញនៅទីនោះ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានយកប្រាក់ក្នុងផ្ទះទៅចំណាយលើគេទៀតផង។
គួរបញ្ជាក់ដែរថា បញ្ហាចោទប្រកាន់នេះបានធ្វើឱ្យអ្នកតាមដានជីវិតតារាស្រីរូបនេះនាំគ្នាយល់ថា ដោយសារ Wang Xiaofei និងម្តាយចង់ផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួនឱ្យដាច់ទើបបង្កើតសាច់រឿងបែបនេះឡើងដើម្បីទទួលបានការចាប់អារម្មណ៍តែប៉ុណ្ណោះ៕