![]()
Chef ម៉េងហ៊ី ដែលជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការទាំង៣នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហើបឱ្យដឹងថា មានម្ហូបមួយមុខដែលធ្វើឱ្យគាត់ចងចាំមិនភ្លេចនៅក្នុងអាជីពជាចុងភៅជាង២ទសវត្សរ៍កន្លងមកនេះ។
Chef ម៉េងហ៊ី ដែលចាប់ផ្ដើមអាជីពជាចុងភៅតាំងពីឆ្នាំ២០០០ បានទម្លាយដូច្នេះថា ម្ហូបមួយមុខដែលចាប់ផ្ដើមអាជីពរបស់គាត់ ដែលជាមុខម្ហូបប្លែកនិងពេញចិត្តបំផុតសម្រាប់គាត់គឺ ថ្លើមក្ងានជាមួយទ្រូងមាន់ដែលប្រលាក់ជាមួយស្រាក្រហមទុករយៈពេល២៤ម៉ោង ហើយទើបយកទៅចម្អិនក្នុង ឡ កម្ដៅ រយៈពេល ៤ម៉ោងកន្លះទៀតនៅក្នុងសីតុណ្ហភាព ៥៣ ដឺក្រេ រួចយកទៅសង្កត់នៅក្នុងពុម្ពប៉ាតេរយៈពេល ១២ម៉ោងបន្ថែមទៀតនៅក្នុងទូរទឹកកក មុនយកមកប្រើបាន។
Chef ម៉េងហ៊ី បានបន្តថា ម្ហូបនេះគឺជាម្ហូបថ្មីដែលលោករៀនពីមេចុងភៅជនជាតិបរទេសម្នាក់ ហើយរសជាតិម្ហូបមួយមុខនេះពិតជាឆ្ងាញ់ ដែលធ្វើឱ្យលោកចងចាំរហូតដល់សព្វថ្ងៃ។

គួរបញ្ជាក់ថា Chef ម៉េងហ៊ី បានទម្លាយអាថ៌កំបាំងមុខម្ហូបដែលលោកពេញចិត្តនេះ នៅក្នុងឃ្លីបវីឌីអូកិច្ចសម្ភាសន៍មួយ របស់ធនាគារ ជីប ម៉ុង កាលពីពេលថ្មីៗនេះ។ Chef នឹងបន្តបេសកកម្មរបស់ខ្លួននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ជាបន្តទៀត ដែលការប្រកួតប្រជែងចម្អិនម្ហូបដ៏ស្វិតស្វាញនេះ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨យប់តទៅ៕