×

ស្រីណៃ មកលើកនេះជាតួបងធំប្រចាំភូមិម្តងក្នុងរឿង “ម៉ែក្មេក ផ្កាភ្លើង”

ភ្នំពេញ៖ ក្នុងរឿង “អន្ទាក់ស្នេហ៍ក្នុងកុងត្រា” ជីស័ង ដែលជាតារាសម្តែងស្រីវ័យក្មេងពោរពេញដោយទេពកោសល្យបានសម្តែងជាតួនារីម្នាក់មិនធ្លាប់ទទួលបានការសិក្សាព្រោះត្រូវមានបន្ទុករកលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានប្អូនស្រីម្នាក់ និងម្តាយម្នាក់មានជំងឺប្រចាំខ្លួនត្រូវការប្រាក់ព្យាបាលប្រចាំ។

ចូលមកដល់រឿងថ្មី “ម៉ែក្មេក ផ្កាភ្លើង” ឯណេះវិញ ជីស័ង បានសម្តែងជាតួអង្គឈ្មោះ ផ្កា មានម្តាយជាអ្នកមានក្នុងភូមិ ប៉ុន្តែនាងវិញគឺជាបងធំដែលមួយថ្ងៃៗដើរតែបង្ករឿងវាយតប់គ្នាធ្វើឱ្យម្តាយឈឺក្បាលរាល់ថ្ងៃ។

ផ្កា បានសន្យាជាមួយម្តាយឡើងទៅភ្នំពេញរៀនផ្នែករចនា និងក្រោយបញ្ចប់ការសិក្សាប្រសិននាងអាចរកបានការងារធ្វើ នោះនាងអាចប្រើប្រាស់ជីវិតខ្លួនឯងដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់។ ប៉ុន្តែប្រសិននាងមិនអាចរកការងារធ្វើបានទេនោះ នាងត្រូវត្រលប់ទៅផ្ទះវិញដើម្បីបំពេញសន្យាម្តាយ ដែលបំណងរបស់ម្តាយនាងគឺឱ្យនាងមានគ្រួសារ។

ទីបំផុត រាល់ការងារដែលរកបានទាំងប៉ុន្មានបានត្រឹម ២ថ្ងៃប៉ុណ្ណោះគឺត្រូវក្រុមហ៊ុនដេញចេញហើយ ដោយសារចរិតឆេវឆាវរបស់នាង កើតចេញជាអំពើហឹង្សាពេញក្រុមហ៊ុន ទើបគ្មានក្រុមហ៊ុនណាអាចបន្តឱ្យនាងធ្វើការទៀតបាន។

ក្រៅពីសាច់រឿងជក់ចិត្តគួរឱ្យចង់ទស្សនាហើយនោះ រឿងមួយនេះថែមទាំងបញ្ចូលនូវភាពកំប្លុកកំប្លែងធ្វើឱ្យអ្នកទស្សនារំសាយអស់ទុក្ខកង្វល់ទៀតផង។ ចង់ដឹងថារឿង “ម៉ែក្មេក ផ្កាភ្លើង” គួរឱ្យចង់ទស្សនាប៉ុណ្ណា កុំភ្លេចតាមដានទាំងអស់គ្នារៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៧យប់តទៅនៅ CTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង