![]()
ភ្នំពេញ៖ អ្នកគាំទ្ររបស់តារាចម្រៀងរាងតូចច្រឡឹងទម្រង់មុខគួរឱ្យខ្នាញ់ ពេជ្រ សូលីកា សុទ្ធតែបានដឹងហើយថា តារាស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះ ហាន គីម កាលពីឆ្នាំ២០១៩ រហូតទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់។ យ៉ាងណាមិញ ក្តីសុខមួយនេះបានត្រឹមមួយរយៈពេលប៉ុណ្ណោះ ក្រោយមកកាលពីឆ្នាំ ២០២២ កន្លងទៅជីវិតគ្រួសារតារាស្រីរូបនេះក៏ឈានដល់ផ្លូវបំបែក។

ការចែកផ្លូវគ្នារវាង ពេជ្រ សូលីកា និងអតីតគូដណ្តឹងបានធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង ដ្បិតអ្នកទាំង ២ស័ក្តសមគ្នា និងមិនធ្លាប់មានរឿងអាស្រូវគ្រួសារឡើយ ប៉ុន្តែបែរស្ងាត់ៗឈានដល់ផ្លូវដើររៀងខ្លួនបែបនេះសោះ។ ក្រោយពីជីវិតគ្រួសារមិនសមប្រកបហើយ ពេជ្រ សូលីកា តែងចេញបទចម្រៀងកម្សត់ឈឺចាប់ហាក់កំពុងរៀបរាប់ជីវិតខ្លួនឯង មិនដាច់អាល័យតែបានត្រឹមឈរមើលគេមានក្តីសុខប៉ុណ្ណោះ។

ចម្រៀងស្នេហាកម្សត់ៗរបស់ ពេជ្រ សូលីកា ទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ជាហេតុធ្វើឱ្យតារាស្រីរូបនេះទទួលបានការងារបន្តកន្ទុយមិនដាច់ស្ទើរគ្មានពេលសម្រាក។ នេះសបញ្ជាក់ឱ្យឃើញថា បើទោះជាមិនជោគជ័យក្នុងរឿងស្នេហាក៏ពិតមែន ប៉ុន្តែ ពេជ្រ សូលីកា ជោគជ័យលើការងារជាខ្លាំងដែលនាងអាចមានសមត្ថភាពរកចំណូលចិញ្ចឹមគ្រួសារទាំងមូលរស់ដោយងាយស្រួល។ ក្រលេកទៅមើលអតីតគូដណ្តឹងរបស់នាងវិញ ស្ងាត់ពីបណ្តាញសង្គមមួយរយៈ បែរឃើញមានវីដេអូបង្ហាញភាពផ្អែមល្ហែមជាមួយស្រីស្អាតម្នាក់ដោយលោកមិនបានបញ្ជាក់ឡើយថា អ្នកទាំង ២មានទំនាក់ទំនងអ្វីនឹងគ្នា ប៉ុន្តែវីដេអូនោះត្រូវបានមហាជនមួយចំនួននិយាយថា នេះគ្រាន់តែជាការផ្សព្វផ្សាយស្ទូឌីយូរបស់លោក ហាន គីម ប៉ុណ្ណោះដែរនារីម្នាក់ជាតួអង្គដែលលោកជ្រើសរើស៕

Screenshot