×

មុនចាកចេញពី MasterChef Cambodia សិរីល័ក្ខណ៍ បង្ហើបពីក្តីស្រមៃ និងផែនការអនាគត

សិរីលក្ខណ៍ បានក្លាយជាបេក្ខនារីទី១២ ដែលបានចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពីបរាជ័យនៅក្នុងវិញ្ញាសាសម្ពាធ ក្នុងសប្ដាហ៍ទី១៤ ដែលត្រូវឱ្យបេក្ខជនធ្វើបង្អែមចំនួន ៣មុខ ដែលធ្វើចេញពី ផ្លែស្ត្របឺរី មានដូចជា ស្ត្របឺរីថាត ស្ត្របឺរីស្មូតធី និងស្ត្របឺរីម៉ូស ដោយប្រើប្រាស់រយៈពេល ៧៥ នាទីដែលអាចប្រើប្រាស់ជាមួយផលិតផល EXPREZ របស់ក្រុមហ៊ុន Khmer Beverages បានផងដែរ។

បេក្ខនារីដែលជាគ្រូបង្ហាត់ប្រាណមកពីរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែក្នុងចំណោមបង្អែមទាំង៣ របស់នាងមានពីរមុខដែលចាញ់ វីល្លៀម ក្នុងនោះមាន ស្ត្របឺរីថាត និងស្ត្របឺរីស្មូតធី ដែលវីល្លៀមធ្វើបានល្អជាងសិរីល័ក្ខណ៍។

មុនដោះអាវអៀមនិងចាកចេញពីផ្ទះបាយ MasterChef សិរីល័ក្ខណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ព្រមទាំងបេក្ខជនបេក្ខនារីដទៃទៀតផងដែរ។

សិរីលក្ខណ៍ បានចែករំលែកពីក្តីស្រមៃរបស់ខ្លួន ក្នុងការបើកអាជីវកម្មមួយ ដែលជួយគាំទ្រដល់កសិករខ្មែរ ដើម្បីជួយដល់សហគមន៍។ ទោះបីជាមិនអាចឈ្នះពានរង្វាន់ MasterChef និងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារពីកម្មវិធី ក៏សិរីលក្ខណ៍ត្រូវបានគណៈកម្មការ និងអ្នកគាំទ្រ បានជូនពរឱ្យនាងអាចសម្រេចក្ដីស្រមៃរបស់នាងផងដែរ។

តើបេក្ខជនបេក្ខនារីរូបណាដែលនឹងក្លាយជាបេក្ខភាពទី១៣ដែលត្រូវជម្រុះចេញពីកម្មវិធី នៅសប្ដាហ៍បន្ទាប់? រង់ចាំតាមដាន MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង