×

កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បង្ហាញនំគ្រក់ក្នុងវិញ្ញាសាប្រកួត ដើម្បីបន្តលើកស្ទួយម្ហូបខ្មែរ

នៅក្នុងសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ទស្សនិកជនបានចាប់អារម្មណ៍ទៅលើមុខម្ហូបបែបប្រពៃណីខ្មែរ គឺ នំគ្រក់ ដែលជាអាហារសម្រន់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ វិញ្ញាសាប្រកួតជាក្រុមនៅសប្ដាហ៍នេះ តម្រូវឱ្យក្រុមចំនួនពីររបស់បេក្ខនារី ម៉ាលីន និង ស្រីភក្ត្រ ចម្អិននំគ្រក់រសជាតិដើម និងនំគ្រក់ច្នៃប្រឌិត ដោយប្រើប្រាស់រយៈពេល ៦០ នាទី។

សប្ដាហ៍នេះ មិនត្រឹមតែបានសាកល្បងជំនាញធ្វើម្ហូបរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសារសំខាន់សម្បត្តិវប្បធម៌ដ៏សម្បូរបែបនៃម្ហូបខ្មែរ ដែលត្រូវបានបន្សល់ទុកបន្តដល់កូនចៅជាច្រើនជំនាន់។

នំគ្រក់ ជាអាហារសម្រន់ដែលដក់ជាប់នៅក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ព្រោះវាជាអាហារដែលយើងបានទទួលទានតាំងពីតូចរហូតដល់ធំដឹងក្ដី ដែលជាអាហារមានរសជាតិឆ្ងាញ់គ្មានអ្វីអាចប្រៀបផ្ទឹមបាន។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ តែងតែគាស់កកាយនូវម្ហូបប្រពៃណីខ្មែរប្លែកនិងល្បី ដើម្បីផ្សារភ្ជាប់ជាមួយការប្រកួតប្រជែងកម្រិតពិភពលោករបស់ខ្លួន។ ដោយផ្តោតលើមុខម្ហូបបែបប្រពៃណីដូចជានំគ្រក់ កម្មវិធីបានបង្ហាញនូវសារសំខាន់នៃការអភិរក្ស និងអបអរសាទរចំពោះសម្បត្តិបេតិកភណ្ឌនៃម្ហូបរបស់ខ្មែរយើង។

គួររំឭកថា មុនបង្ហាញពីអាហារខ្មែរដ៏ល្បីមួយនេះ MasterChef Cambodia ក៏ធ្លាប់បង្ហាញពីម្ហូប និងបង្អែមខ្មែរជាច្រើនលើករួចមកហើយ ដូចជា ខ្នប់ មាន់បុកអង្ក្រង សម្លប្រហើរ នំអាកោរត្នោត នំអន្សមត្នោត ជាដើម។

MasterChef Cambodia មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង