![]()
ថៃ៖ អ្នកចាត់ការរបស់តារាសម្តែងស្រីលំដាប់ប្រទេស Aum Patcharapa កំពុងធ្វើឱ្យមហាជនដែលបានឃើញការផុសរបស់លោកហើយនាំគ្នាខ្សឹបខ្សាវលើមុខម្ហូបសាច់ជ្រូកពងទាខមួយចានមានតម្លៃ ៤៩៩បាត ដោយអ្នកចាត់ការល្បី Supachai បានប្រកាសបើកការកក់ទុកដល់អ្នកចង់ញ៉ាំត្រឹមយប់ថ្ងៃសុក្រ ម៉ោង៨ និងដឹកជូននៅថ្ងៃសៅរ៍ និងអាទិត្យ។

យ៉ាងណាមិញ អ្នកបង្កើតមាតិកាល្បី Pumpkin ជាភ្ញៀវដំបូងគេដែលបានភ្លក់ និងសម្រាយពីរសជាតិម្ហូបមួយមុខរបស់ Supachai ថាឆ្ងាញ់ និងដិតល្អ ជាពិសេសពេលបានញ៉ាំជាមួយបាយទៀតរឹតតែឆ្ងាញ់។ Pumpkin បានបញ្ជាក់ច្បាស់ៗថា សាច់ជ្រូកពងទាខនេះគឺខ្លួនជាអ្នកទិញដោយខ្លួនឯងក្នុងតម្លៃពេញ ៤៩៩បាត (ជិត១៥ដុល្លារ) បូករួមទាំងថ្លៃដឹកជញ្ជូនដោយទទួលបាន ២ចានវេចខ្ចប់ត្រឹមត្រូវ។

គ្រាន់តែឃើញការផុសមួយនេះភ្លាម អ្នកគាំទ្ររបស់ Pumpkin មានការចាប់អារម្មណ៍ជាមួយតម្លៃជាខ្លាំងដោយអ្នកខ្លះបញ្ចេញមតិថាមានតម្លៃខ្ពស់កប់ពពក រីឯមតិខ្លះទៀតបានលើកឡើងថា តម្លៃនេះមិនថ្លៃនោះទេដោយសារនេះជាម្ហូបពីអ្នកចាត់ការលំដាប់លេខ១ក្នុងប្រទេស ហើយសាច់ជ្រូកក៏ធំៗល្អអាចញ៉ាំបានច្រើននាក់ច្រើនពេល ប្រសិនទិញតាមផ្សារតម្លៃធូរមែនប៉ុន្តែសាច់ជ្រូកមានចំណិតតូចៗប៉ុណ្ណោះ។

ពួកគេបានបន្ថែមទៀតថា ម្ហូបរបស់ Supachai គឺធ្វើបែបគ្រួសារដូចនេះគ្រឿងផ្សំដែលដាក់ចូលក៏ល្អៗមានគ្រប់គ្រឿង អានាម័យ និងបរិមាណច្រើន ម៉្យាងទៀតលោកក៏បានប្រកាសពីតម្លៃជាសាធារណៈផងដែរ មិនមានការបង្ខិតបង្ខំឱ្យគ្រប់គ្នាទៅទិញឡើយ៕