![]()
ឧបករណ៍បុរាណខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ជាយូរលង់ ត្រូវបានជីកកកាយឡើងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យបានស្គាល់ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីឧបករណ៍ដ៏សម្បូរបែបនៅក្នុងផ្ទះបាយនីមួយៗ។
សម្រាប់សប្ដាហ៍ទី១៤ នៃកម្មវិធីកម្រិតពិភពលោក ដែលត្រូវបានឧបត្ថម្ភនិងនាំមកជូនដោយក្រុមហ៊ុន Khmer Beverages និងផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service (CBS) គេឃើញឧកបរណ៍ពីរប្រភេទ ដែលត្រូវបានដាក់ឱ្យបេក្ខជនប្រកួតនោះគឺ ត្បាល់កិន និង អំបែងចាក់នំគ្រក់ ដែលកំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ។ បេក្ខជនដែលត្រូវបានបែងចែកជាពីរក្រុម បានប្រើប្រាស់ត្បាល់កិននេះដើម្បីកិនម្សៅ សម្រាប់ចម្អិននំគ្រក់ ក្នុងវិញ្ញាសាតម្រូវដោយគណៈកម្មការទាំង៣រូបដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េង ហ៊ី។
នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលនេះ ក្រុមការងារផលិតបានការយកចិត្តទុកដាក់លើការបង្ហាញនូវឧបករណ៍ធ្វើម្ហូបប្រពៃណីខ្មែរ ដើម្បីបញ្ជ្រាបនូវចំណេះដឹងខ្លះៗសម្រាប់កូនខ្មែរ និងបន្តចូលរួមអភិរក្សកុំឱ្យបាត់បង់។ កន្លងមក កម្មវិធីក៏បានរំលេចនូវឧបករណ៍ចម្អិនរបស់ខ្មែរយើងជាច្រើនផងដែរ ដូចជា ចង្ក្រានមុំបី និង ឆ្នាំងស្ពាន់ ជាដើម។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕