![]()
ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ២៩ ខែសីហា ម្សិលមិញនេះកម្មវិធីដែលអ្នកគាំទ្រវិស័យបវរកញ្ញាទន្ទឹងរង់ចាំនោះបានមកដល់ដែលកម្មវិធីប្រកាសអ្នកគ្រងតំណែងបវរកញ្ញឯកចក្រវាលកម្ពុជាបានធ្វើឡើងនៅស្ទូឌីយូ ខេមវូដ (Camwood) CTN ឫស្សីកែវ ក្នុងបរិវេណក្រុមហ៊ុន Cambodian Broadcasting Service (CBS) និងមានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងកម្មវិធីមួយនេះផងដែរ។


បវរកញ្ញាលំដាប់កំពូល ៥រូបបានឆ្លងកាត់ការសម្ភាស និងពិភាក្សាយោបល់ពីគណៈកម្មការដើម្បីជ្រើសរើសបវរកញ្ញាឯកចក្រវាលដ៏សក្តិសមបំផុតសម្រាប់ឆ្នាំ ២០២៤។ ទីបំផុត ប្រាសាទ ដាវីន ដែលជាបេក្ខនារីដ៏លេចធ្លោម្នាក់ក្នុងចំណោមបវរកញ្ញាទាំង ៥ នាងបានក្លាយជាម្ចាស់មកុដ ជាបវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ ២០២៤ ដែលលទ្ធផលមួយនេះពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តជាខ្លាំងជាហេតុធ្វើឱ្យស្ទូឌីយូ ខេមវូដ (Camwood) ពោរពេញដោយសំឡេងស្រែកហ៊ោកញ្ជៀ្រវយ៉ាងទ្រហឹង។

ប្រាសាទ ដាវីន បានឱ្យដឹងថា នាងបានបញ្ឈប់ក្តីស្រមៃក្នុងការប្រកួតបវរកញ្ញាក្រោយនាងរៀបអាពាហ៍ពិពាហ៍ និងមានកូនរួច ប៉ុន្តែក្តីសង្ឃឹមបានត្រលប់មកសាជាថ្មីក្រោយកម្មវិធី Miss Universe ប្រកាសមិនកំណត់អាយុ និងប្រវត្តិថាមានគ្រួសារហើយ ឬអត់ទេ។ ទីបំផុតនាងបានចូលរួមប្រកួតម្តងទៀតរហូតក្តីស្រមៃបានក្លាយជាការពិតក្លាយជា Miss Universe Cambodia 2024 ដែលនឹងត្រៀមខ្លួនតំណាងឱ្យកម្ពុជាទៅឆាកអន្តរជាតិនៅខែវិច្ឆិកាខាងមុខនៅប្រទេស ម៉ិកស៊ិក។

គួរបញ្ជាក់ដែរថា កម្មវិធីរាត្រីគ្រងមកុដបវរកញ្ញាឯកកម្ពុជាដែលបានរៀបចំឡើងនៅស្ទូឌីយូ ខេមវូដ (Camwood) CTN ឫស្សីកែវ នេះ ទទួលបានការកោតសរសើរលើសពីការរំពឹងទុកពីសំណាក់អ្នកគាំទ្រតាំងពីដើមកម្មវិធីដល់ចប់កម្មវិធីផងដែរ៕
