×

ប្រសាសន៍លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នៅថ្ងៃខួបកំណើតអ្នកឧកញ៉ា គិត ម៉េង តើមានអ្វីពិសេស?

ថ្ងៃគម្រប់ខួបកំណើត អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជរដ្ឋាភិបាល អ្នកជំនួញធំៗ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ដែលជាឧត្តមភរិយាក៏បានរៀបចំពិធីខួបកំណើត ដ៏រំភើបជូនព្រះស្វាមី។ តែអ្វីដែលមហាជនចង់ដឹងបំផុតនោះ គឺ តើលោកជំទាវនឹងមានប្រសាសន៍អ្វីខ្លះទៅកាន់អ្នកឧកញ៉ា គិត ម៉េង? ចង់ដឹងសូមអានប្រសាសន៍របស់លោកជំទាវដូចខាងក្រោមនេះ។

ជារៀងរាល់ឆ្នាំក្នុងថ្ងៃដ៏វិសេសវិសាលនេះ អូនតែងប្រាប់ខ្លួនឯងថា ជីវិតអូនពិតជាមានសំណាងបំផុតក្នុងលោកនេះដែលមានបងជាស្វាមីនៅក្បែរ។ ភាពរឹងមាំដ៏ក្លៀវក្លា ក្ដីស្រលាញ់ឥតព្រំដែន និងការជ្រោមជ្រែងយកចិត្តទុកដាក់របស់បង គឺជាសសរទ្រូងសម្រាប់គ្រួសារយើង ដែលជួយដឹកនាំអូន និងកូនឆ្លងកាត់ទំព័រជីវិតរួមគ្នា។

បងផ្ដល់នូវគំរូឧទាហរណ៍ដ៏ល្អបំផុតសម្រាប់កូនៗ ឱ្យពួកគេដឹងថាត្រូវធ្វើខ្លួនឱ្យរឹងមាំបែបណា ចេះផ្ដល់ក្ដីស្រលាញ់ និងការលះបង់បែបណា។ ភាពអត់ធ្មត់ និងភាពវាងវៃប្រកបដោយគតិបណ្ឌិតរបស់បង គឺជាប្រទីបជួយបំភ្លឺ និងប្រែក្លាយផ្ទះយើងទាំងមូលឱ្យទៅជាគ្រួសារ ដែលពោរពេញដោយក្ដីស្រលាញ់ និងភាពរីករាយ។

បងសម្លាញ់! តើបងដឹងទេ? បងមិនត្រឹមតែជាឧត្តមស្វាមី និងជាឪពុកដ៏អស្ចារ្យនោះទេ បងគឺជាវីរបុរស ជាគ្រូណែនាំដ៏ល្អបំផុត និងជាអ្នកការពារដ៏អង់អាចរបស់យើង។ ក្ដីស្រលាញ់ដែលបងបានផ្ដល់សម្រាប់គ្រួសារមួយនេះ បង្កើតបានជាចំណងដ៏រឹងមាំមិនអាចកាត់ផ្ដាច់បាន។

ភាពរឹងមាំដ៏ស្ងៀមស្ងាត់ ការគាំទ្រ និងការស្រលាញ់ដ៏កក់ក្ដៅរបស់បង បានប្រែក្លាយការលំបាកទាំងឡាយទៅជាភាពងាយស្រួល និងក្ដីរំភើបរីករាយដ៏ត្រចះត្រចង់។ បងបានផ្ដល់ឱ្យអូន និងកូនដ៏ច្រើនលើសលប់សូម្បីតែយើងមិនដែលទាមទារ ហើយក្ដីស្រលាញ់ដ៏ធំធេងមួយនេះ បានធ្វើឱ្យអូន និងកូន រកឃើញនូវក្ដីសុខដ៏កក់ក្ដៅ និងសុភមង្គលដ៏ជ្រាលជ្រៅបំផុត។

ថ្ងៃនេះមិនគ្រាន់តែជាឱកាសដែលយើងអបអរខួបកំណើតរបស់បងនោះទេ ប៉ុន្តែក៏ជាការអបអរនូវរឿងរ៉ាវជាច្រើនដែលបងបានធ្វើឱ្យជីវិតអូន និងកូនៗរបស់យើងកាន់តែស្រស់បំព្រង។ នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ អូនសូមជូនពរឱ្យបងមានសុខភាពល្អ ពោរពេញដោយក្ដីសុខ ហើយសូមឱ្យយើងមានឱកាសរីករាយកាន់តែច្រើនជាមួយគ្នា បន្តក្ដីសុបិនរួមគ្នា និងអនុស្សាវរីយ៍ល្អៗឱ្យស្ថិតជាប់ក្នុងបេះដូងយើងជានិរន្តរ៍តទៅ។

រីករាយថ្ងៃកំណើតស្វាមីសម្លាញ់ចិត្តអូន!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង