![]()
នៅក្នុងសប្ដាហ៍ទី១៥ កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានទទួលអ្នកទស្សនាលើសពី 200 K (២០ម៉ឺននាក់) ក្នុងពេលតែមួយនៅលើបណ្ដាញសង្គម ទាំង Facebook និង YouTube ហើយនេះមិនទាន់រាប់បញ្ចូលចំនួនទស្សនិកជន ដែលទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN នៅឡើយទេ។ អ្នកទស្សនានៅលើ Facebook មានរហូតដល់ជាង 170 K និងអ្នកទស្សនានៅលើ YouTube មានប្រហែល 50 K ។
សប្ដាហ៍នេះ មានការបែ្លកជាងសប្ដាហ៍មុនៗ ដោយមានបេក្ខភាពធ្លាក់រហូតដល់ទៅ ២រូប ប៉ុន្តែគណៈកម្មការបានសម្រេចចិត្តហៅអ្នកទាំងពីរឱ្យត្រឡប់មកវិញភ្លាមៗ។ ក្រោយការផ្សាយបានបញ្ចប់ ក៏មានការជជែកវែកញែកចំពោះការផ្ដល់ឱកាសដល់អ្នកទាំងពីរ ពោលគឺ រស្មី និង បញ្ញា។
Plus KH ក៏បានសាកសួរទៅកាន់ប្រភពនៃអ្នករៀបចំកម្មវិធី MasterChef ដែលបានឱ្យដឹងថា រស្មី និងបញ្ញា សុទ្ធតែជាបេក្ខភាពដ៏លេចធ្លោដែលទទួលបានពិន្ទុខ្ពស់ជាងបេក្ខជនដទៃទៀត កាលពីសប្ដាហ៍មុនៗ។ កត្តានេះបានជំរុញឱ្យគណៈកម្មការទាំង៣រូបមិនអស់ចិត្ត រួចបានសម្រេចចិត្តក្នុងការប្រើប្រាស់នូវសិទ្ធិដ៏ពិសេសមួយ ដើម្បីហៅត្រឡប់មកវិញភ្លាមៗ (Call Back)។
ទោះជាយ៉ាងណា រស្មី និងបញ្ញា នឹងទទួលការដាក់សម្ពាធយ៉ាងខ្លាំងពីកម្មវិធី ដែលនៅតែអាចប្រឈមមុខនឹងការធ្លាក់ចេញពីកម្មវិធី។ រស្មី និងបញ្ញានឹងត្រូវដឹកនាំក្រុមរៀងៗខ្លួន ហើយក្រុមដែលចាញ់ ប្រធានក្រុមតែម្នាក់គត់ដែលនឹងត្រូវជម្រុះចេញពីកម្មវិធីភ្លាមៗនៅសប្ដាហ៍បន្ទាប់។
សម្រាប់ Plus KH យល់ថា វាមិនត្រឹមតែឱ្យ រស្មី និងបញ្ញា បង្ហាញឱ្យអស់ពីសមត្ថមភាពនូវជំនាញក្នុងការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវព្យាយាមបញ្ចុះបញ្ចូលឱ្យសមាជិកមួយចំនួន ដែលធ្លាប់ទាស់ទែងគ្នាកាលពីការប្រកួតមុនៗ ឱ្យងាកមកជួយដល់ពួកគេដើម្បីស្វែងរកជ័យជម្នះសម្រាប់ក្រុមផងដែរ។
តើរវាងអ្នកទាំងពីរ ម្នាក់ណានឹងត្រូវដើរចេញពីកម្មវិធីនៅសប្ដាហ៍បន្ទាប់? ចម្លើយនឹងត្រូវបង្ហាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និង យូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ៕


