×

មិនមែនបេក្ខជនប្រកួតនោះទេដែលចង់ឃើញការចាកចេញរបស់ រស្មី ពីផ្ទះបាយ MasterChef ប៉ុន្តែគឺជាបុរសម្នាក់នេះ

ភ្នំពេញ៖ រស្មី គឺជាបេក្ខជនមួយរូបដែលបានធ្វើឱ្យទស្សនិកជន ក៏ដូចជាបេក្ខជនក្នុងផ្ទះបាយ MasterChef រដូវកាលទី ៣ក្នក់ក្នាញ់លើនាងជាខ្លាំងដោយអ្នកខ្លះបានលើកឡើងថា នាងគឺជាបេក្ខជនមួយរូបមានអំនួតលើខ្លួនឯង និងមានភាសាគំរោះគំរើយ ខណៈមហាជនមួយចំនួនបានវែកញែកការពារនាងថា ធម្មតាពាក្យពិត និងការនិយាយមិនពិរោះរមែងពិបាកស្តាប់តែជាមនុស្សស្មោះត្រង់មិនគួរឱ្យខ្លាចឡើយ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្ទះបាយ MasterChef កាន់តែក្តៅគគុកខ្លាំងឡើងរហូតធ្វើឱ្យទស្សនិកជនអន្ទះសាបន់ឱ្យតែដល់ថ្ងៃអាទិត្យ ឆាប់ៗដើម្បីចង់ដឹងថា បេក្ខជនរូបណាដែលនឹងត្រូវជម្រុះបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទីអាទិត្យកន្លងទៅនៅសប្តាហ៍ទី ១៥ រស្មី និង បញ្ញា ត្រូវបានកម្មវិធីលលេងដោយប្រកាសថាអ្នកទាំង ២គឺជាបេក្ខជនបន្ទាប់ដែលត្រូវចាកចេញពីការប្រកួត សម្រាប់ទស្សនិកជនដែលបានតាមដាន MasterChef Cambodia រដូវកាលទី៣ នេះប្រាកដជាបានដឹងហើយថា រស្មី គឺជាមុខសញ្ញាដែលនឹងធ្វើឱ្យគ្រប់គ្នាសប្បាយចិត្តប្រសិននាងត្រូវបានជម្រុះពិតមែន។

ប៉ុន្តែបើក្រលេកទៅមើលការផុសរបស់សមីខ្លួនដែលវិះនឹងត្រូវចាកចេញពីកម្មវិធីវិញនោះ រស្មី បានឱ្យដឹងថា មនុស្សដែលនឹងសប្បាយចិត្តខ្លាំងបំផុតប្រសិននាងធ្លាក់គឺជាប្តីរបស់នាង។ រស្មី បានរៀបរាប់បែបនេះថា “អារម្មណ៍អ្នកខកចិត្តខ្លាំងបំផុតដែលខ្ញុំមិនបានធ្លាក់យប់មិញនោះគឺប្ដីខ្ញុំ ដេកបន់រាល់ថ្ងៃឱ្យតែប្រពន្ធឆាប់ធ្លាក់ឆាប់បានមកផ្ទះវិញអាណិតប្រពន្ធខ្លាចប្រពន្ធហត់ខ្លាចប្រពន្ធត្រូវគេធ្វើបាប ចិត្តជាប្ដីមិនបាននៅជិតប្រពន្ធបារម្ភគ្រប់រឿង តែប្រពន្ធម្នាក់នេះក្បាលរឹងដែរតស៊ូម្នាក់ឯងដល់ទីបញ្ចប់ជួបរឿងអីក៏មិនហ៊ានប្រាប់ប្ដីដែរខ្លាចប្ដីមកយកទៅផ្ទះវិញ

ប្រពន្ធ: បងអូនចង់ទៅប្រកួត MasterChef
ប្ដី: មិនឱ្យទៅទេនៅផ្ទះនឹងហើយស្រួល
ប្រពន្ធ: អូនចង់ទៅរៀនសូត្រចង់ដឹងសមត្ថភាពខ្លួនឯង
ប្ដី: បងដឹងថាអូនខ្លាំងអូនពូកែហើយគ្មានអ្នកណាស្គាល់អូនច្បាស់ជាងបងទេ
ប្រពន្ធ: អូនចង់បានពាន
ប្ដី: ពាននៅផ្ទះយើងច្រើនណាស់អូន
ប្រពន្ធ: អូនចង់បានលុយរង្វាន់
ប្ដី: អូនចង់បានប៉ុន្មានបងឱ្យទាំងអស់
លឺហើយគាំងហ្មង នេះចិត្តប្ដីមិនចង់ឱ្យប្រពន្ធទៅប្រកួត

គួរបញ្ជាក់ដែរថា អាចឈានមកដល់សប្តាហ៍ទី១៥ នេះមានន័យថាបេក្ខជនទាំងអស់សុទ្ធសឹងតែមានសមត្ថភាពខ្លាំងដែលពិបាកនឹងទប់ទល់ ទោះជាយ៉ាងណាក៏គ្រប់គ្នានៅតែប្រកាន់គោលជំហរប្រយុទ្ធបន្តដើម្បីដណ្តើមក្លាយជាម្ចាស់ពាន MasterChef រដូវកាលទី៣ នេះបើទោះជាត្រូវពុះពារឧបសគ្គប៉ុណ្ណាក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង