ភ្នំពេញ៖ តារាស្រីដែលមានអត្តចរិតក្រមិចក្រមើម សុភ័ក្ត កុសុម៉ា បានបង្ហាញមុខគូស្នេហ៍ឥតឈប់ឈរបន្ទាប់ពីខាងប្រុសបានរៀបចំកម្មវិធីសុំនាងរៀបការធ្វើឱ្យតារាស្រីរូបនេះទប់ទឹកភ្នែកមិនបានដោយសាររំភើបខ្លាំងពេក។ មុនពេលប្រកាសទំនាក់ទំនងជាសាធារណៈ កុសុម៉ា បានលាក់អ្នកគាំទ្រជិតឈឹង និងត្អូញត្អែរថាគ្មានមនុស្សប្រុសសូម្បីតែម្នាក់តាមចែចង់ ប៉ុន្តែបែរស្ងាត់ៗនាងបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះវីដេអូដែលត្រូវបានខាងប្រុសសុំរៀបការទៅវិញ។
ក្រោយពីទំនាក់ទំនងត្រូវបានទម្លាយ កុសុម៉ា តែងបង្ហាញរូបភាពចាស់ៗដែលបានថតជាមួយគ្នាពីមុនតែមិនអាចផុសហូហែរនៅបណ្តាញសង្គមរហូតធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនបានសុំឱ្យនាងត្រលប់ទៅស្រលាញ់គ្នា Private វិញទៀតផងដោយសារផ្អែមល្ហែមខ្លាំងពេកធ្វើឱ្យអ្នកមិនទាន់មានគូមួយចំនួនច្រណែនចង់មានអ្នកយល់ចិត្តដែរ។
ជាការឆ្លើយតបទៅកាន់អ្នកគាំទ្រដែលសុំឱ្យខ្លួនត្រលប់ទៅស្រលាញ់គ្នា Private វិញនោះ សុភ័ក្ត កុសុម៉ា ក៏បានឆ្លើយតបទៅវិញបែបនេះថា “ប៉ុន្មានថ្ងៃនេះពួកខ្ញុំទាំង២នាក់ បានសាងកំហុសដ៏ធំមួយធ្វើឱ្យបងប្អូនបាត់បង់ទំនុកចិត្តជាមួយមេធីម single តាមបណ្តាញសង្គម បានធ្វើឱ្យមានការរំជើបរំជួលចិត្តជាខ្លាំង ដូច្នេះខ្ញុំក៏សុំចេញមុខសូមអរគុណដល់ ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលបានជូនពរអបអរសាទរពួកខ្ញុំទាំងពីរទាំងអ្នកញញឹមម្នាក់ឯង ឬញញឹមជាក្រុម លាយលំទឹកភ្នែក។ល។”
កុសុម៉ា បានបន្តបែបនេះថា “ខ្ញុំពិតជារំភើប ពិតជាអរគុណខ្លាំងមែនទែនចំពោះការអបអរសាទរ ការជូនពរ ការអោយ Private វិញតែមនុស្ស កុសុម៉ា តែទៅគឺទៅហើយអត់អាច Private វិញទេ កូនធីមធំៗអស់ហើយ ត្រូវចេះរឹងប៉ឹងខ្លួនឯងណា Lama ស្រលាញ់អ្នកទាំងអស់គ្នា”។ ការឆ្លើយតបនេះ កុសុម៉ា បានធ្វើឱ្យអ្នកគាំទ្រអស់ពាក្យនិយាយបានត្រឹមទន្ទេញពាក្យដដែលៗថា បាត់ទំនុកចិត្តលើនាង៕