ភ្នំពេញ៖ ឧត្តុង គឺជាបេក្ខជន MasterChef Cambodia រដូវកាលទី ៣ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញជាមួយនឹងបេក្ខជនដែលជាជើងខ្លាំងឯទៀត ប៉ុន្តែគួរឱ្យសោកស្តាយដែលលោកត្រូវបានចាកចេញពីកម្មវិធីត្រឹមសប្តាហ៍ទី ១១។ សម្រាប់រដូវកាលទី ៣នេះសង្កេតឃើញបេក្ខជននីមួយៗសុទ្ធសឹងតែមានសមត្ថភាពពេញខ្លួនជាពិសេសឆន្ទៈមោះមុតខ្លាំងលើគោលដៅដណ្តើមពានពីកម្មវិធី។
យ៉ាងណាមិញ សម្រាប់អតីតបេក្ខជន ឧត្តុង មានអារម្មណ៍សោកស្តាយខ្លាំងដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ និងបាត់បង់ឱកាសក្នុងការប្រកួតប្រជែងដណ្តើមយកពាន MasterChef Cambodia រដូវកាលទី ៣នេះ។ ទោះជាយ៉ាងណា ឧត្តុង បានបង្ហាញអារម្មណ៍របស់ខ្លួនថា “បន្ទាប់ពីខ្ញុំបានធ្លាក់ពីកម្មវិធី MasterChef Cambodia មកភាពសោកស្តាយនៅតែមាន ប៉ុន្តែទន្ទឹមនឹងនោះក៏ចាប់ផ្តើមស្គាល់ខ្លួនឯងកាន់តែច្បាស់ស្រលាញ់អ្វី និងចូលចិត្តអ្វីប្រាកដ ខ្ញុំសម្រេចចិត្តចូលរៀនជំនាញផលិតនំ ជាជំនាញដែលខ្ញុំចូលចិត្ត ធ្វើហើយសប្បាយចិត្តនិងមានក្តីសុខ អរគុណ MasterChef Cambodia ដែរផ្តល់បទពិសោធន៍កន្លងមក”។
គួរបញ្ជាក់ដែរថា បើទោះជាបានចាកចេញពីកម្មវិធីហើយក៏ពិតមែន ប៉ុន្តែអតីតបេក្ខជនមួយនេះនៅតែធ្វើឱ្យបេក្ខជនឯទៀតនឹករលឹកជាខ្លាំង ជាពិសេសលោកក៏ទទួលបានអ្នកគាំទ្រ និងបង្កើនមិត្តភក្តិបានច្រើនសន្ធឹកផងដែរមុនពេលដើរចេញពីការប្រកួតក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣នេះ៕