![]()
ភ្នំពេញ៖ សន្យា គឺជាអតីតបេក្ខជន MasterChef Cambodia រដូវកាលទី ១ ដែលមានភាពលេចធ្លោក្នុងចំណោមបេក្ខជនឯទៀតដែលកាលណោះអតីតបេក្ខជន សន្យា ទទួលបានការកោតសរសើរពីគណៈកម្មការជានិច្ចរាល់ពេលចូលដល់វិញ្ញាសាធ្វើបង្អែម។

កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំ និងមកទល់ពេលនេះ MasterChef Cambodia ក៏បានឈានដល់រដូវកាលទី ៣ហើយដែរ ដូចនេះ សន្យា បានក្លាយជារៀមច្បងដែលទទួលបានការគោរពពីបេក្ខជនជំនាន់ក្រោយជាច្រើន ជាពិសេសបេះដូងអ្នកគាំទ្រតែងចង់ឃើញ សន្យា ធ្វើវីដេអូចម្អិនម្ហូបក៏ដូចជាតាមដានចង់ដឹងជីវិតប្រចាំថ្ងៃរបស់នាងផងដែរ។

ការចង់ដឹងចង់ឭពីអ្នកគាំទ្រ និងការឆ្លើយតបមិនចេះណាយរបស់ សន្យា បានធ្វើឱ្យមានសំណួរជាច្រើនសួរទៅកាន់ សន្យា ជាពិសេសពួកគេចង់ដឹងថាតើ សន្យា មានសញ្ជាតិអ្វីឱ្យប្រាកដ។ ជាការឆ្លើយតបទៅកាន់អ្នកគាំទ្រដែលបានចោទជាសំណួរមួយនេះឡើង សន្យា ក៏បានឱ្យដឹងថា នាងមានសញ្ជាតិខ្មែរ ប៉ុន្តែនៅពេលនាងមានអាយុប្រមាណ ៥ឆ្នាំនាងក៏បានទៅរស់នៅប្រទេសសឹង្ហបុរីរហូតដល់ពេញវ័យនាងបានត្រលប់មករស់នៅកម្ពុជាវិញបាន ៤ឆ្នាំ។

ប៉ុន្តែនៅ ៤ឆ្នាំក្រោយ សន្យា ក៏បានទៅបន្តការសិក្សានៅបរទេសថ្នាក់មហាវិទ្យាល័យ និងថ្នាក់អនុបណ្ឌិតបន្ថែមក៏ដូចជាធ្វើការផងដែរ ហើយមូលហេតុចំបងដែលធ្វើឱ្យ សន្យា ត្រលប់មកកម្ពុជាសាជាថ្មីក៏ព្រោះតែកម្មវិធី MasterChef Cambodia ដែលនាងបានបញ្ជាក់ថា នាងបានលាឈប់ពីការងារដើម្បីដេញតាមក្តីស្រមៃដោយដាក់ពាក្យប្រកួតកម្មវិធី MasterChef Cambodia កាលពីរដូវកាលទី ១។ បើទោះជាមិនទទួលបានជ័យលាភីក៏ពិតមែន ប៉ុន្តែមកទល់ពេលនេះនាងនៅតែតាមចាប់ក្តីស្រមៃដដែល និងសិក្សាស្វែងយល់ពីមុខម្ហូបថ្មីៗបន្ថែមជាពិសេសនាងក៏មានហាងផ្ទាល់ខ្លួនទៀតផង៕