
ភ្នំពេញ៖ ឆលី ដែលកំពុងតស៊ូជាមួយនឹងជំងឺមហារីកខួរក្បាលដំណាក់កាលទី៤ និងមានអាយុ ៤ឆ្នាំផងនោះ ក្មេងប្រុសកម្សត់ម្នាក់នេះខំប្រឹងតស៊ូប្រឆាំងតបតទៅជំងឺដ៏កាចសាហាវនេះតាំងពីមានអាយុទើបជាង ២ឆ្នាំប៉ុណ្ណោះ។ កើតមកមិនទាន់ស្គាល់ពិភពលោកបានប៉ុន្មានផងជីវិត ឆលី ត្រូវផ្លាស់ប្តូរពីការសប្បាយ និងទៅសាលាដូចក្មេងឯទៀតមកជាឡើងចុះមន្ទីរពេទ្យដូចផ្ទះ និងមានគ្រូពេទ្យជាមិត្តភក្តិជំនួសវិញ។

តាមបទសម្ភាសរបស់ម្តាយ ឆលី នៅក្នុងកម្មវិធី “រស់នៅល្អ សុខភាពល្អ” របស់ CNC ដែលមានពិធីករលោក សាហារ៉ា និងពិធីការនីកញ្ញា ធីតា ជាអ្នកសម្របសម្រួលផងនោះបានឱ្យដឹងថា ឆ្លងកាត់ការវះកាត់ចំនួន ២លើកនេះអាការរបស់ ឆលី បានប្រសើរជាងមុនលែងឈឺក្បាល លែងក្អួត អាចញ៉ាំអាហារបានខ្លះ និងអាចដើរដោយខ្លួនឯងបានខ្លះផងដែរ។ ម្តាយរបស់ ឆលី បានឱ្យដឹងថា ក្នុងមួយខែកូនប្រុសរបស់គាត់ត្រូវធ្វើដំណើរទៅក្រៅប្រទេសដើម្បីព្យាបាលយ៉ាងហោចណាស់ ៣ទៅ៤ដង ដែលការចំណាយពិតជាខ្ពស់ខ្លាំង យ៉ាងណាមិញដោយសារកម្លាំងសប្បុរសជនពីគ្រប់មជ្ឈដ្ឋានធ្វើឱ្យ ឆលី មានសំណាងអាចបន្តការព្យាបាលជាបន្តបន្ទាប់មកដល់ពេលនេះ។

ក្រៅពីទទួលបានជំនួយពីសប្បុរសជនហើយនោះ ឪពុករបស់ ឆលី បានស្វះស្វែងរៀបចំកម្មវិធីការតាំងពិព័រណ៌សិល្បៈគំនូរ និងការដេញថ្លៃសប្បុរសធម៌ដើម្បីប្រមូលថវិកាដើម្បីព្យាបាលកូនប្រុស ក៏ដូចជាក្មេងៗឯទៀតដែលកំពុងតស៊ូជាមួយជំងឺមហារីកដូចគ្នា ដែលកម្មវិធីមួយនេះនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះនៅអាគារ LIXIN CEO Center។

គួរបញ្ជាក់ផងដែរថា សំបុត្រចូលរួមមានតម្លៃ ៨ដុល្លារដែលថវិកាដែលបានពីការលក់សំបុត្រ និងស្នាដៃសិល្បៈទាំងប៉ុន្មានត្រូវបានបរិច្ចាគទៅ ឆលី និងក្មេងៗដែលកំពុងកើតមហារីកឯទៀតទាំងស្រុង ហើយការចូលរួមនឹងមានផ្តល់ជូននូវអាហារសម្រន់ ភេសជ្ជៈ និងការសម្តែងសិល្បៈដើម្បីកម្សាន្តផងដែរ៕