![]()
ភ្នំពេញ៖ Gumball 3000 បានចាប់ផ្តើមដំបូងដោយបុរសជនជាតិអង់គ្លេសឈ្មោះ Maximillion Cooper កាលពីឆ្នាំ ១៩៩៩ គិតមកទល់ពេលនេះមានរយៈពេល ២៥ឆ្នាំហើយ។ ការជួបជុំរថយន្តទំនើបៗនៃព្រឹត្តិការណ៍ Gumball 3000 ក៏នឹងបើកឆ្លងកាត់ប្រទេសកម្ពុជាផងដែរ ដែលនៅចុងសប្តាហ៍នេះក្រុមរថយន្តទំនើបនៃព្រឹត្តិការណ៍ Gumball 3000 នឹងធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយ។


ជារឿងគួរឱ្យរីករាយដែលព្រឹត្តិការណ៍ Gumball 3000 ក៏នឹងបើកឆ្លងកាត់ប្រទេសកម្ពុជាយើងជាលើកដំបូងដែលនឹងមកដល់ភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឡើងនៅសួនវត្តបទុមជាមួយការប្រគំតន្ត្រីដែលមានវត្តមានតារាអន្តរជាតិ ក៏ដូចជា Influencer ល្បីៗញ៉ាំងកម្មវិធីឱ្យកាន់តែសប្បាយ រីឯនៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមរថយន្តទំនើបនឹងបន្តឆ្ពោះទៅកាន់ខេត្តសៀមរាបជាមួយនឹងការញ៉ាំអាហារពេលល្ងាចជុំគ្នាដែរ។

ព្រឹត្តិការណ៍ Gumball 3000 នឹងឆ្លងកាត់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជារួមមាន ព្រំប្រទល់បាវិត-ភ្នំពេញ-ខេត្តសៀមរាប-ព្រំប្រទល់ប៉ោយប៉ែត។ ចំណុចសំខាន់ដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ព្រឹត្តិការណ៍មួយនេះគឺជាការចូលរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងជាការសម្របសម្រួលដោយក្រសួងទេសចរណ៍។ នេះជាព្រឹត្តិការណ៍ដែលបានចូលរួមសប្បុរធម៌ ការបើកឱកាសរវាងអ្នកវិនិយោគឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា ថែមទាំងអាចបង្កើតកំណត់ត្រាពិភពលោកហ្គីណេសថែមទៀត។

បន្ថែមពីនេះទៀត ក៏នឹងមានការដេញថ្លៃដែលរៀបចំឡើងដោយ The Gumball 3000 Foundation ដែលថវិកាដែលទទួលបាននឹងយកទៅចូលរួមបរិច្ចាគក្នុងមូលនិធិយុវជនពិភពលោកដូចជាការសាងសង់ទីលានបាល់ទាត់លើទឹកសម្រាប់សហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប។ គួរបញ្ជាក់ដែរថា ជាការចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់មួយនេះ ក្រុមហ៊ុន Cambodia Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ រ៉ូយ៉ាល់ គ្រុប ក៏នឹងចូលរួមបរិច្ចាគចំនួន ៥៥,៥៥៥,០០០រៀល សម្រាប់ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមានការផ្សាយផ្ទាល់នៅលើ Facebook ផ្លូវការរបស់ CNC Sports ផងដែរ៕
