នៅសប្ដាហ៍ក្រោយ ទឹកដីអង្គរនៃយើង នឹងទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ធំចំនួនពីរ ដែលស្ថិតនៅចន្លោះគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ព្រឹត្តិការណ៍ទាំងពីរ រួមមាន ព្រឹត្តិការណ៍ Gumball 3000 Rally Cambodia និង សមរាត្រី (Equinox)។
សម្រាប់ព្រឹត្តិការណ៍ Gumball 3000 Rally Cambodia នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា នៅបរិវេណសួនច្បារព្រះរាជដំណាក់ និងមុខប្រាសាទអង្គរវត្ត។ រំលង៤ថ្ងៃ ព្រឹត្តិការណ៍ សមរាត្រី ដែលជាព្រឹត្តិការណ៍ដ៏កម្រ ដោយព្រះអាទិត្យរះចំកណ្ដាលនៃប្រាសាទអង្គរវត្ត គឺនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។
អំឡុងព្រឹត្តិការណ៍ Gumball 3000 នឹងមានការដាក់តាំងរថយន្តនៅមុខប្រាសាទអង្គរវត្តបំបែកកំណត់ត្រាពិភពលោក ដែលមានប្រតិភូអន្តរជាតិ Gumball 3000 មកពីជាង ៤០ប្រទេស។ ព្រឹត្តិការណ៍នេះ នឹងជួយជំរុញដល់វិស័យទេសចរណ៍ ការបើកឱកាសរវាងអ្នកវិនិយោគឯកជនបរទេស និងរៃអង្គាសប្រាក់បរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។
ជាការចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់មួយនេះ ក្រុមហ៊ុន Cambodia Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ រ៉ូយ៉ាល់ គ្រុប ក៏នឹងចូលរួមបរិច្ចាគចំនួន ៥៥,៥៥៥,០០០រៀល សម្រាប់ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមានការផ្សាយផ្ទាល់នៅលើ Facebook ផ្លូវការរបស់ CNC Sports ផងដែរ៕