×

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដឹកនាំក្រុមសិល្បករខ្មែរ ចូលរួមគាំទ្រដល់មហោស្រពអាហារមេគង្គ អបអរដល់ទេពកោសល្យជំនាញធ្វើម្ហូបនៅតំបន់មេគង្គ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ

ភ្នំពេញ៖ រសជាតិអាហារដែលមានដើមកំណើតនៅតំបន់ទន្លេមេគង្គ នឹងនាំមកបង្ហាញនៅក្នុងមហោស្រពអាហារមេគង្គ ដែលគ្រោងនឹងប្រារព្ធឡើងចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ នឹងបង្ហាញជូនដោយសាលាបដិសណ្ឋារកិច្ចដ៏ល្បីចំនួនប្រាំមកពីតំបន់មេគង្គ (កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម) នឹងចូលរួមបង្ហាញពីចុងភៅវ័យក្មេងដែលមានបីនាក់ ក្នុងសាលានីមួយៗ បង្ហាញទេពកោសល្យជំនាញម្ហូបអាហាររបស់ពួកគេជាមួយគ្រឿងផ្សំដ៏សម្បូរបែប និងចម្រុះដែលមានដើមកំណើតនៅទន្លេមេគង្គ។

ព្រឹត្តិការណ៍ក្នុងតំបន់ដ៏អស្ចារ្យនៃមហោស្រពអាហារមេគង្គរយៈពេល៣ថ្ងៃនេះ នឹងបិទបញ្ចប់ដោយកម្មវិធីរាត្រីសមោសរ “White Hats Gala Dinner” ដែលជាកម្មវិធីសប្បុរសធម៌ នៅថ្ងៃទី១៩ ខែកញ្ញា វេលាម៉ោង៦ល្ងាច នៅសណ្ឋាគារល្បីល្បាញ Raffles Hotel Le Royal។ ដើម្បីចូលរួមអបអរ ចុងភៅ Bobby Chinn និងចុងភៅល្បីរបស់កម្ពុជា គឺលោក លូ ម៉េង នឹងសហការរៀបចំជ្រើសរើសមុខម្ហូបពិសេស សម្រាប់កម្មវិធីសប្បុរសធម៌នេះ។ វិភាគទានដែលទទួលបានពីកម្មវិធីសប្បុរសធម៌ White Hats Gala នឹងផ្តល់ដល់មូលនិធិអាហារូបករណ៍ Naomi ដែលជាមូលនិធិជួយដល់យុវជន ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅវិទ្យាស្ថានម្ហូបអាហារ។

ដើម្បីចូលរួមចំណែកក្នុងកម្មវិធីនេះដែរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងដឹកនាំក្រុមសិល្បៈបុរាណ ទៅសម្តែងក្នុងកម្មវិធីរាត្រីសមោសរ “White Hats Gala Dinner”ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរដល់អ្នកចូលរួមផងដែរ។ ក្រៅពីនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏នឹងចូលរួមកៀរគរថវិកាដើម្បីគាំទ្រដល់កម្មវិធីនេះ ដើម្បីប្រមូលថវិកាជួយដល់ការងារសប្បុរសធម៌នៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ Gala Dinner នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង