![]()
វណ្ណី ដែលជាបេក្ខជនដ៏លេចធ្លោប្រចាំសប្ដាហ៍ទី១៥ ដែលទទួលបានសិទ្ធិពិសេសមិនចាំបាច់ប្រកួតនៅសប្ដាហ៍ទី១៦ បានប្រឈមមុខនឹងការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសប្ដាហ៍ទី១៧ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
ក្នុងសប្ដាហ៍កន្លងទៅនេះ បេក្ខជនទាំង១១នាក់ បានទទួលបានគ្រឿងផ្សំក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ដូចជាសម្បកបង្គារ ឆ្អឹងត្រីសាល់ម៉ុន បាយកក បន្លែផ្សេងៗ ដែលសុទ្ធតែជារបស់ដែលសល់ ដើម្បីធ្វើការចម្អិនជាម្ហូបមួយចានដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់គណៈកម្មការទាំង៣រូបបាន។ ប៉ុន្តែ វណ្ណីបានបរាជ័យក្នុងការរៀបចំចានឱ្យទាន់ពេលវេលា ដែលធ្វើឱ្យ Judge ណារ៉ា, ជេស៊ីកា និង Judge ម៉េងហ៊ី មានការខកបំណងជាខ្លាំង។
ការបរាជ័យរបស់វណ្ណីនៅសប្ដាហ៍នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងជោគជ័យពីលើកមុន ដែលធ្វើឱ្យ គណៈកម្មការ និងទស្សនិកជនមានការមិនជឿ។ ទោះជាយ៉ាងណា Judge បានផ្ដល់ការណែនាំចំពោះវណ្ណីផងដែរថា ទោះបីជានេះមិនមែនជាវិញ្ញាសាដែលត្រូវជម្រុះចេញពីកម្មវិធីក៏ពិតមែន ក៏វណ្ណីមិនត្រូវបង្កការធ្វេសប្រហែសនៅក្នុងផ្ទះបាយដែលមានការប្រកួតប្រជែងខ្ពស់នេះឡើយ។
MasterChef Cambodia រដូវកាលទី៣ មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕