×

ថ្ងៃដែល វ៉ាង ស្រីណូ ទន្ទឹងចង់ឃើញមុខកូន ទីបំផុតនាងបានសម្រាលដោយសុវត្ថិភាព

ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ដំណើរដ៏វែងឆ្ងាយរបស់អតីតតារាសម្តែង វ៉ាង ស្រីណូ គម្រោងយកកូនឆ្នាំរោង ពេលនេះបានសម្រេចហើយដែលទីបំផុតនាងបានឃើញមុខកូនស្រីជាទីស្រលាញ់ផ្ទាល់ហើយដែលនាងបានផុសរូបភាពប៉ុន្មានសន្លឹកកាលពីម្សិលមិញនេះ។ យ៉ាងណាមិញ វ៉ាង ស្រីណូ មិនបានបញ្ជាក់ថា កូនរបស់នាងបានសម្រាលថ្ងៃណានោះទេ គ្រាន់តែនាងបញ្ជាក់ថាដោយសាររវល់មើលកូនទើបមិនទាន់បានផុសប្រាប់អ្នកគាំទ្រ ហើយពេលនេះនាងក៏បានចេញពីពេទ្យសម្រាកនៅផ្ទះហើយដែរ។

គួរបញ្ជាក់ដែរថា ដំបូងឡើយ វ៉ាង ស្រីណូ មានគម្រោងយកកូនជាមួយអតីតសង្សារនាងជាជនជាតិអាមេរិក ប៉ុន្តែក្រោយរួមរស់ជាមួយគ្នាហើយ អ្នកទាំង ២បែរជាមានអារម្មណ៍មិនចុះសម្រុងគ្នា និងមិនទាន់ត្រៀមលក្ខណៈរួចរាល់នៅឡើយ។ ហេតុផលនេះបានធ្វើឱ្យអ្នកទាំង ២បញ្ចប់គម្រោងយកកូនជាមួយគ្នាដោយសន្តិវិធី ទើប វ៉ាង ស្រីណូ បានបង្វែរមកគម្រោងមួយទៀតដែលនាងគិតទុកនោះគឺ ការយកកូនដោយវេជ្ជសាស្ត្រ ព្រោះដោយសារនាងជាមនុស្សម្នាក់ជឿលើហុងស៊ុយខ្លាំងទើបនាងបានដើរតាមគម្រោង និងគិតទុកល្អិតល្អន់ក្នុងដំណើរការមួយនេះ។

សម័យកាលនាពេលបច្ចុប្បន្នមានភាពទំនើបខ្លាំង ប៉ុន្តែបែរជាការមានផ្ទៃពោះរបស់ វ៉ាង ស្រីណូ ធ្វើឱ្យមហាជនមួយចំនួនមិនជឿនាងទៅវិញ និងបានថានាងទាក់ទងប្តីគេរហូតមានផ្ទៃពោះទៅវិញ។ យ៉ាងណាមិញ វ៉ាង ស្រីណូ បានច្រានចោលការចោទប្រកាន់នោះទាំងស្រុង និងរក្សាគោលជំហរការពារកូនស្រីរបស់នាងមិនឱ្យគេមើលងាយនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង