កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ គណៈប្រតិភូសិស្សមកពីសាលាអន្តរជាតិ ETC អមដោយសាស្ត្រាចារ្យ និងអ្នកគ្រប់គ្រងរបស់ពួកគេ បានធ្វើបទសម្ភាសន៍ដ៏ស៊ីជម្រៅជាមួយលោក David Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ គោលបំណងនៃការចូលរួមនេះ គឺដើម្បីស្វែងរកការប្រឹក្សា និង ការណែនាំដែលមិនអាចកាត់ថ្លៃបាន អំពីភាពជោគជ័យផ្ទាល់ខ្លួន និង វិជ្ជាជីវៈ។
ក្នុងអំឡុងពេលបទសម្ភាសន៍ លោក David Ulmer បានចែករំលែកយ៉ាងក្បោះក្បាយនូវដំណើរជីវិតរបស់គាត់ និងបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃក្នុងការសម្រេចគោលដៅ និង ក្តីសុបិន តាមរយៈការលះបង់ ភាពរឹងមាំ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរ។ សិស្សចាប់អារម្មណ៍យ៉ាងខ្លាំងនូវរឿងខ្លីៗរបស់គាត់ ដែលបានបម្រើជាកម្លាំងជំរុញដ៏មានឥទ្ធិពលសម្រាប់សេចក្តីប្រាថ្នារបស់ពួកគេផ្ទាល់។
ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេអំពីឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ពួកគេក៏មានឱកាសចូលទស្សនា Camwood Studios ដោយផ្ទាល់ ដែលពួកគេបានឃើញពីពិភពដ៏ស្វាហាប់នៃការផ្សាយព័ត៌មាន។ ការសង្កេតមើលព័ត៌មានក្នុងសកម្មភាពអំឡុងពេលការផ្សាយផ្ទាល់បានផ្តល់នូវទិដ្ឋភាពជាក់ស្តែងនៃដំណើរលឿន និង សម្បូរបែបនៃវិស័យសារព័ត៌មាន។
CBS នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការជំរុញកំណើន និង ការអភិវឌ្ឍរបស់មនុស្សជំនាន់ក្រោយ។ តាមរយៈការផ្តល់ឱកាសអប់រំ និងកម្សាន្ត CBS ផ្តល់កម្លាំងដល់យុវជនដើម្បីស្វែងយល់ពីសក្តានុពលរបស់ពួកគេ ទទួលបានជំនាញដ៏មានតម្លៃ និង ចាប់ផ្តើមបំពេញអាជីពរបស់ពួកគេ។
អំពីក្រុមហ៊ុន Cambodian Broadcasting Service (CBS)
ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើជាចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅលើកញ្ចក់ទូរទស្សន៍ អនឡាញ និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CNC Sports, និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នក ស្រលាញ់ គោរព និង ទស្សនា ច្រើនបំផុតក្នុងប្រទេសកម្ពុជា។
គួររំឮកថា ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិ Cambodian Children’s Fund (CCF) និងអង្គការ Indochina Starfish Foundation (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារនិងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើ និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម ៕