![]()
ភ្នំពេញ៖ កម្រងរូបភាពដុកទ័រ Beat Richner បីទារកម្នាក់ក្នុងដៃ និងយកមកធ្វើជាគ្របសៀវភៅរបស់លោក នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងបើទោះជាពេលនេះលោកបានលាចាកលោកហើយក៏ពិតមែន។ យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសបុកដែលមានឈ្មោះរបស់ដុកទ័រ Beat Richner បានចែករំលែករូបភាពលើគ្របសៀវភៅនោះសាជាថ្មីដែលបានភ្ជាប់រូបថតក្មេងប្រុសជំទង់ម្នាក់ផងនោះកំពុងត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែករំលែកតៗគ្នាជាច្រើនផងដែរ។

ត្រឹមមួយប៉ប្រិចភ្នែកសោះ ក្មេងប្រុសដែលត្រូវបានដុកទ័រ Beat Richner បីក្នុងដៃនោះពេលនេះមានរូបរាងធំពេញកម្លោះវ័យ ២៣ឆ្នាំហើយ មានឈ្មោះ លីម ឌីណា ដែលពេលនេះរូបគេរស់នៅភ្នំពេញ កំពុងសិក្សាជំនាញ IT និងភាសាអង់គ្លេសបន្ថែម។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ឌីណា ទទួលបានឱកាសការងារជាជំនួយការនៅក្រសួងដឹកជញ្ជូនសាធារណៈទៀតផង រាល់ពេលទំនេរពីការសិក្សា និងការងារ ឌីណា មានចំណូលចិត្តមើលរឿងហូលីវូដ លេងហ្គេម លេងថេននីស ជាដើម។

ក្រៅពីសកម្មភាពទាំងនេះ ឌីណា មានបំណងប្រាថ្នាធំមួយគឺបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងអឺរ៉ុបដើម្បីស្វែងយល់អ្វីថ្មីៗនៅតាមបណ្តាប្រទេសឯទៀតផងដែរ ប៉ុន្តែរូបគេមិនមានចំណងចង់រស់នៅក្រៅប្រទេសឡើយ ព្រោះទោះជាយ៉ាងណាគេកម្ពុជាគឺជាស្រុកកំណើតដែលមានផ្ទះ និងក្រុមគ្រួសារនៅទីនេះ៕
