![]()
អាមេរិក៖ Nikocado Avocado ដែលជាអ្នកបង្កើតមាតិកាញ៉ាំម្ហូបដ៏ល្បីមួយរូបនៅបណ្តាញសង្គមតិកតុកកំពុងធ្វើឱ្យអ្នកគាំទ្ររបស់លោកបែងចែកលែងដឹងក្រោយកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ Nikocado បានផុសវីដេអូមួយដែលលោកបានត្រលប់ទៅរូបរាងដើមវិញខណៈក្នុងរយៈពេល ៥ឆ្នាំដែលលោកបានចាប់ផ្តើមធ្វើវីដេអូញ៉ាំម្ហូបនោះ Nikocado បានផ្លាស់ប្តូររូបរាងពីស្គមទៅធាត់ប្រៀបដូចមនុស្ស ២នាក់ផ្សេងគ្នា។

វីដេអូដែលតារាតិកតុករូបនេះបានផុសជាប្រចាំតែងឃើញលោកញ៉ាំអាហារកែច្នៃក្នុងបរិមាណច្រើនសន្ធឹករហូតធ្វើឱ្យសុខភាពមិនអំណោយផលដោយសារធាត់លើសគីឡូ។ ប៉ុន្តែបែរសុខៗ Nikocado បានចេញវីដេអូក្នុងរូបរាងស្គមដូចដើមវិញ និងប្តូរពីការញ៉ាំអាហារមកជារាំវិញម្តង ហើយវីដេអូរបស់លោកបានផ្ទុះឡើងខ្លាំងរហូតដល់មនុស្សមួយចំនួនមិនជឿឡើយ ខ្លះទៀតនាំគ្នាស្រពិចស្រពិលយល់ថានេះជាការពិតដោយសារវីដេអូរបស់ Nikocado ឃើញរាំក្បាច់ “Apple” របស់ Charli XCX ដែលទើបបង្កើតឡើងកាលខែមិថុនា ឆ្នាំ២០២៤នេះ។

ដោយសារវីដេអូក្នុងរូបរាងស្គមដូចដើមវិញរបស់ Nikocado Avocado បានផ្ទុះឡើងខ្លាំង និងអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាវែកញែកព្រោងព្រៀតពេក Nikocado បានចេញវីដេអូចុងក្រោយគេដែលទើបផុសកាលពី ៥ថ្ងៃមុនក្នុងរូបរាងធាត់ និងបានហៅអ្នកគាំទ្រថាល្ងង់ដែលងាយជឿរូបភាពនៅលើបណ្តាញសង្គម។ លោកបានប្រាប់ឱ្យអ្នកគាំទ្រទៅសាលាដើម្បីសិក្សាបន្ថែមដើម្បីកុំឱ្យល្ងង់ងាយជឿគេបែបនេះទៀត គឺមិនត្រូវជឿអ្នកណាទាំងអស់សូម្បីតែរូបលោកផ្ទាល់។

គួរបញ្ជាក់ថា បើទោះជាចេញវីដេអូម្តងស្គម ម្តងធាត់ក៏ពិតមែន ប៉ុន្តែអ្នកនិយមលេងតិកតុកមួយចំនួនជឿថា វីដេអូចុងក្រោយរបស់លោកគឺជាការថតទុកប៉ុណ្ណោះដោយពួកគេនៅតែសំអាងលើក្បាច់រាំ “Apple” ដែលទើបចេញក្នុងឆ្នាំនេះ ម៉្យាងទៀតក៏មានអ្នកធ្លាប់ជួប និងថតរូបជាមួយលោកនៅក្រៅផ្ទាល់ផងដែរថា ការត្រលប់ទៅរូបរាងស្គមវិញនោះមិនមែនជាការកាត់តឡើង តែវាជាការពិត។ ទោះជាយ៉ាងណា រឿងមួយនេះនៅតែធ្វើឱ្យគ្រប់គ្នាមានភាពស្រពិចស្រពិលមិនទាន់បានដឹងចម្លើយពិតប្រាកដថាយ៉ាងណានៅឡើយ៕

