
លីនណា បានក្លាយជាគូប្រជែងដ៏ខ្លាំងមួយរូប ដែលធ្វើឱ្យមានការចាប់អារម្មណ៍ទាំងគណៈកម្មការ និងបេក្ខជនដទៃ។ នៅក្នុងសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia លីនណា ទទួលបានជ័យជម្នះ ហើយថែមទាំងបានក្លាយជាបេក្ខនារីដំបូងគេដែលទទួលបានតំណែងកំពូលទាំង ១០ ផងដែរ។
ភាពច្នៃប្រឌិត និងសមត្ថភាពធ្វើម្ហូបរបស់លីនណា បានធ្វើឱ្យនាងមានភាពលេចធ្លោ ទទួលបានការសរសើរជាបន្តបន្ទាប់។ សូម្បីតែ វណ្ណី ដែលត្រូវបានជម្រុះចេញពីកម្មវិធីកាលពីសប្ដាហ៍ទី១៨ ក៏ជឿថា លីនណា សក្តិសមជាម្ចាស់ពាន MasterChef រដូវកាលនេះផងដែរ។ មុននឹងចាកចេញ គណៈកម្មការបានសួរ វណ្ណី ថាតើបេក្ខជនរូបណាដែលខ្លួនគិតថា នឹងទទួលបានងារជាកំពូលចុងភៅឯកបន្ទាប់។ បន្ទាប់មក វណ្ណី បានឆ្លើយដោយមិនស្ទាក់ស្ទើរថា ម្នាក់នោះគឺលីនណា។
តើការព្យាកររបស់វណ្ណី ត្រឹមត្រូវដែរឬទេ? ចម្លើយនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្ន នៅសល់បេក្ខជនត្រឹមតែ ៩នាក់ទៀតប៉ុណ្ណោះ ដើម្បីឈរចម្អិននៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef ។
MasterChef Cambodia រដូវកាលទី៣ មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕