×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនីកាន់បិណ្ឌវេនទី៧ នៅវត្តបទុមវតីរាជវរារាម

ភ្នំពេញ÷នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម និងសិល្បករ- សិល្បការនី មកកាន់បិណ្ឌវេនទី៧ នៅវត្តបទុមវតីរាជវរារាម ។

នៅក្នុងពិធីបុណ្យនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមទាំងក្រុមការងារ លោកតាអាចារ្យ យាយជី តាជី បានធ្វើបទនមស្សការសមាទានសីល រាប់បាត្រ និងវេរភត្តាហារព្រមទាំងទេយ្យទាន និងប្រគេនបច្ច័យដល់ព្រះសង្ឃ បង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក ឱ្យទទួលបានមគ្គផលហើយឲ្យពរដល់កូនចៅជួបតែសេចក្តីសុខ និងបានចែកទានដល់ពុទ្ធបរិស័ទ យាយជី តាជី ផងដែរ ។

ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានស្វាធ្យាយ​ធម៌​បង្សុកូល ឧទ្ទិស​កុសល​មគ្គផល​ចំពោះ​វិញ្ញាណក្ខន្ធ​ជីដូន ជីតា ញាតកា​ទាំង​ប្រាំពីរ​សន្តាន របស់លោកជំទាវអ្នកឧកញ៉ា និងក្រុមការងារជួបតែសេចក្តីសុខ​ចម្រើន គ្រប់ៗគ្នាជារៀងរហូត។

ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា បានថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលរួមកាន់បិណ្ឌជាមួយលោកជំទាវ ។ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមក៏បានប្រសិទ្ធពរបវរប្រសើរជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សិល្បករសិល្បការិនីទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្ដីចម្រើន ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ាបានផ្ញើសារសូមឱ្យយុវជនទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន និងសូមឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ហើយបើកបរសូមយោគយល់អធ្យាស្រ័យគ្នាផងដែរ៕

ដោយ÷គង់ វណ្ណ:

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង