×

ដាឡែត៖ មនុស្ស Introvert ដែលទទួលការស្រឡាញ់ពេញចិត្តពីអ្នកគាំទ្ររបស់ផ្ទះបាយ MasterChef Cambodia

នៅក្នុងផ្ទះបាយដែលពោរពេញការប្រកួតប្រជែងដ៏ស្វិតស្វាញ ដាឡែត លេចធ្លោជាបេក្ខជនដែលពុំសូវនិយាយស្ដី និងស្ងប់ស្ងាត់ ដែលបានធ្វើឱ្យទស្សនិកជនរបស់កម្មវិធី MasterChef Cambodia មានការស្រឡាញ់ពេញចិត្តជាខ្លាំង។ ប៉ុន្តែដំណើរក្នុងផ្ទះបាយមួយនេះរបស់ដាឡែត បានឈានដល់ទីបញ្ចប់ នៅក្នុងសប្ដាហ៍ទី១៩ ដែលបានក្លាយជាបេក្ខជនទី១៧ ដែលត្រូវចាកចេញពីកម្មវិធី។

ជាបេក្ខជនដែលស្ងប់ស្ងាត់ប៉ុន្តែម៉ឺងម៉ាត់ក្នុងការប្រកួត ដាឡែតត្រូវបានកត់សម្គាល់ពីអត្តចរិតសុភាពរាបសា តាំងពីសប្ដាហ៍ដំបូងនៅក្នុងការប្រកួត MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ អត្តចរិតនេះបានធ្វើឱ្យទស្សនិកជនស្រឡាញ់ចូលចិត្តដាឡែត ក្នុងចំណោមបេក្ខជនប្រកួតប្រជែងជាច្រើនដែលខ្លួនពេញចិត្ត។

បេក្ខជនដែលមកពីខេត្តពោធិ៍សាត់រូបនេះ បានឆ្លុះបញ្ចាំងពីដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia ដោយបានអរគុណចំពោះឪពុកម្ដាយរបស់គាត់ និងបេក្ខជនដទៃទៀត សម្រាប់ការលើកទឹកចិត្តឱ្យចូលរួមជាមួយ MasterChef ។ ដាឡែតឱ្យដឹងដូច្នេះថា៖ “ខ្ញុំពិតជាអរគុណនូវពេលវេលាកន្លងមក ដែលយើងបានចូលរួមរីករាយ កើតទុក្ខ នឿយហត់ជាមួយគ្នា។”

ភ្លាមៗបន្ទាប់ពីចាកចេញពីផ្ទះបាយ MasterChef ដាឡែតក៏បានផុសនៅលើ Facebook ដូច្នេះថា៖ “នេះគឺជាដំណើរវិវត្តខ្លួនរបស់ខ្ញុំក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ! ខ្ញុំរីករាយស្វែងរកអ្វីដែលថ្មីនិង អភិវឌ្ឍសមត្ថភាព ជម្នះភាពភ័យខ្លាចដើម្បីស្វែងរកខ្លួនឯងនិងអ្វីដែលខ្លួនស្រលាញ់ចូលចិត្ត សង្ឃឹមថាទាំងនេះជាសារលើកទឹកចិត្តបងប្អូនក្មួយៗទាំងអស់គ្នាឱ្យខិតខំប្រឹងប្រែងកុំចុះចាញ់ បន្តរដំណើរជីវិតវែងឆ្ងាយប្រកបដោយ ហេតុផល និងគុណតម្លៃនៃជីវិតនិងការពិចារណាឱ្យបានត្រឹមត្រូវ អ្វីដែលបងប្អូនគិតថាត្រឹមត្រូវមិនប៉ះពាស់សេចក្ដីសុខអ្នកដទៃ ចូលបងប្អូនធ្វើដោយក្ដីរីករាយចុះ។ សូមអរគុណបងប្អូន អ៊ំពូ មីង និងក្មួយៗដែរស្រលាញ់គាំទ្រលើកទឹកចិត្តខ្ញុំកន្លងមក សូមទទួលក្ដីគោរពរាប់អានពីខ្ញុំបាទ ដាឡែត”។

MasterChef Cambodia រដូវកាលទី៣ ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង