×

អ៊ិន លក្ខិណា កាន់តែលេចធ្លោខណៈស្អែកជាវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Cosmo 2024

កម្សាន្ត៖ បើនិយាយដល់សន្ទុះនៃការគាំទ្រនៅប្រទេសវៀតណាមមកកាន់បវរកញ្ញាកម្ពុជាយើង អ៊ិន លក្ខិណា វិញប្រាកដជាស្ទើរមិនគួរឱ្យជឿថាបវរកញ្ញាដែលកំពុងតំណាងឱ្យកម្ពុជាទៅប្រកួត Miss Cosmo 2024 នៅប្រទេសវៀតណាមរូបនេះមានប្រជាប្រិយភាពខ្លាំងរហូតអាចឆក់បានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅទីនោះខ្លាំងបែបនេះឡើយ។

ជាការពិតណាស់ដែលការប្រកួតពីមួយវគ្គទៅមួយវគ្គ អ៊ិន លក្ខិណា ពិតជាមានភាពលេចធ្លោខ្លាំងរហូតរាល់ពេលដល់វេននាងលេចវត្តមានមក គ្រប់គ្នាដែលកំពុងអង្គុយទស្សនាផ្ទាល់ស្រែកហ៊ោរកញ្ជៀវលាន់ពេញស្ទូឌីយោ សូម្បីតែគណៈកម្មការក៏អង្គុយញញឹមហាក់ពេញចិត្តជាមួយសមត្ថភាពនាងជាខ្លាំង។

ប្រលូកក្នុងវិស័យបវរកញ្ញាឡើងជោគជាំ អ៊ិន លក្ខិណា ស្រូបបានបទពិសោធន៍មិនតិចឡើយ ហើយបើទោះជាការខំប្រឹងកន្លងមកនាងមិនទាន់អាចឈានដល់គោលដៅដណ្តើមមកុដជ័យលាភីក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រវិស័យបវរកញ្ញាសុទ្ធសឹងតែទទួលស្គាល់ថា អ៊ិន លក្ខិណា ជារាជនី Catwalk ដែលមិនទាន់មានអ្នកអាចប្រៀបជាមួយការដើររបស់នាងឡើយ។

ទោះជាយ៉ាងណា ក្រៅពីមានភាពលេចធ្លោក្នុងការដើរបានល្អហើយ អ៊ិន លក្ខិណា ក៏ត្រូវបានសរសើរពីចំណេះដឹង ភាពឆ្លាតវៃរបស់នាងផងដែរ ដែលចំណុចទាំងប៉ុន្មាននេះហើយបានធ្វើឱ្យនាងអាចមានឱកាសបានក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាទៅប្រកួត Miss Cosmo 2024 នៅប្រទេសវៀតណាម ហើយនៅថ្ងៃស្អែកទី ០៥ ខែតុលា ក៏ជាថ្ងៃផ្តាច់ព្រ័ត្រផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង