×

ការវិលត្រឡប់មកវិញ ព្រឹត្តិការណ៍ ”ស្នាមញញឹមនៃកម្ពុជា” លើកទី២ លើទឹកដីអង្គរ

ក្រោយព្រឹត្តិការណ៍ ”ស្នាមញញឹមនៃកម្ពុជា” លើកទី១ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១២ ដល់ទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមនឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិនោះ នៅពេលនេះ ព្រឹត្តិការណ៍ ”ស្នាមញញឹមនៃកម្ពុជា” លើកទី២ នឹងវិលមកវិញហើយថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនៅលើទឹកដីអង្គរដ៏បវរនៃយើង។
 
សមាគមសិល្បករខ្មែរពិតជាមានកិត្តិយស និងក្ដីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភ និងសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការរៀបចំព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ការវិលត្រឡប់មកវិញជាលើកទី២នេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំនៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ពីក្នុងពេលតែមួយ។ នោះគឺទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងប្រមាណ៥០០នាក់នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួម។
 
ឆ្លៀតក្នុងឱកាសនេះ សមាគមសិល្បករខ្មែរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ស្វែងយល់បន្ថែម ក៏ដូចជាចូលរួមថែរក្សាប្រពៃណី វប្បធម៌ខ្មែរ ដែលដូនតាបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក៏ដូចជាចង់ចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក សូមអញ្ជើញចូលរួមព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះឱ្យបានច្រើនកុះករ។ បើលោកអ្នកពិតជាស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ ប្រាកដមែន ចាំអីទៀតចូលរួមទាំងអស់គ្នានៅខេត្តសៀមរាប៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង