ដំណើររបស់រស្មីក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបញ្ចប់កាលពីយប់មិញ នៅក្នុងសប្ដាហ៍ទី២១។ ទោះជាមានការខកចិត្តក៏ដោយ ក៏រស្មីបានបង្ហាញការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសាររបស់ខ្លួនដែលបានបង្ហាញការគាំទ្រឥតឈប់ឈរ ក្នុងដំណើរនៅក្នុងផ្ទះបាយមួយនេះ។
រស្មី បានអរគុណចំពោះលះបង់របស់ឪពុកម្តាយ ដែលបានជួយមើលថែកូនស្រីតូចទាំងពីរនាក់អំឡុងពេលប្រកួតនៅក្នុងកម្មវិធី និងស្វាមីរបស់នាងដែលបានអនុញ្ញាតឱ្យខ្លួនចូលរួមក្នុងការប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ទោះបីជាស្វាមីរបស់ខ្លួនបានបដិសេធការចូលរួមពីដំបូងក៏ដោយ។
រស្មីបានឱ្យដឹងថា MasterChef Cambodia បានផ្លាស់ប្តូរជីវិតរបស់នាង ដោយផ្តល់ទំនុកចិត្តដល់នាងក្នុងការបន្តចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូប និងស្វែងរកអ្វីដែលជាខ្លួនឯង។
រស្មីបានឱ្យដឹងថា នេះជាក្ដីស្រមៃរបស់ខ្លួនហើយបានទទួលបទពិសោធន៍ជាច្រើនពីផ្ទះបាយមួយនេះ។ អ្នកគាំទ្រនឹងចងចាំនៅពេលដែលរស្មី និង បញ្ញា ត្រូវបានជម្រុះចេញ ប៉ុន្តែត្រូវបានគណៈកម្មការកោះហៅភ្លាមៗឱ្យត្រលប់មកធ្វើជាប្រធានក្រុមវិញ ដែលជាពេលវេលាដែលមិនអាចបំភ្លេចបាន ដែលបានធ្វើឱ្យរស្មីប្រមូលស្មារតីប្រកួតប្រជែងយ៉ាងខ្លាំង។
ទោះបីជាការប្រកួតប្រជែងបានឈានដល់ទីបញ្ចប់ក៏ដោយ ក៏ការតាំងចិត្ត និងការគាំទ្រពីគ្រួសាររបស់រស្មី បានដក់ជាប់យ៉ាងខ្លាំងជាមួយទស្សនិកជន ហើយរស្មី បានចាកចេញពីកម្មវិធី MasterChef Cambodia ដោយមោទកភាពបំផុត។
MasterChef Cambodia រដូវកាលទី៣ ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕